ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម និង ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ចែក​ស្រូវពូជ​នៅ​ស្រុក​ស្រី​សន្ធរ​

​ដើម្បី​បាន​ជ្រាប​នូវ​ស្ថានភាព​ទឹកជំនន់ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្រី​សន្ធរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកម្ម​ពិសេស អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​លោកជំទាវ អមដំណើរ​ដោយ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​រុក្ខាប្រមាញ់ និង នេសាទ ថ្នាក់ដឹកនាំ​ខេត្ត ស្រុក​បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​ស្រូវពូជ​ជូន​ប្រជាពលរដ្ឋ​ចំនួន​២​ឃុំ គឺ​ឃុំ​ទងត្រឡាច និង​ឃុំ​ជី​បាល ក្នុងស្រុក​ស្រី​សន្ធរ​នា​ព្រឹក​ថ្ងៃទី​១០ តុលា ។​

​បើតាម​របាយការណ៍រ​ប​ស់លោក ស៊ីម គង់ អភិបាលស្រុក​ស្រី​សន្ធរ​បានអោយដឹងថា គិត​មក​ត្រឹម​ពេលនេះ​ទឹកជំនន់​បានធ្វើ​អោយមាន​ផលប៉ះពាល់​លិច​ភូមិ​ចំនួន ៦៩​គ្រួសារ ប៉ះពាល់​ចំនួន ១៧៣៧ គ្រួសារ​ក្នុងនោះ​លិច​ផ្ទះ​ចំនួន ១៧៣៧​ខ្នង ផ្ទះ​រុះរើ​ដោយ​ច្រាំង​បាក់​ចំនួន ៣៩​ខ្នង លិច​វត្ត ១០​កន្លែង និង​សាលារៀន ៨​កន្លែង​។ លោក​អ​ភី​បាល​ស្រុក​បាន​អោយដឹងទៀតថា ក្រៅពីនោះ​ទឹក​ទំនន់​បានធ្វើអោយ​ប៉ះពាល់​ដល់​ផ្លូវដី​ផ្លូវ​បេតុង ស្ពាន ទំនប់ បាក់​ច្រាំងទន្លេ ប៉ះពាល់​ដល់​ផលដំណាំ និង​ខូចខាត​ស្រូវពង្រោះ​អស់​ចំនួន ១១២​ហិកតា​។​

​មានមតិ​សំ​ណា​ល​សំ​ណា​ល​ទៅកាន់​ប្រជាពលរដ្ឋ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម មានប្រសាសន៍ថា ទឹកជំនន់​ឆ្នាំនេះ បានធ្វើអោយ​ប៉ះពាល់​ដល់​ទ្រព្យ​ស​ម្បិ​ត្ត​សាធារណៈ និង​ជីវភាព​រស់នៅ​អស់​ជាច្រើន​កន្លែង​នៅក្នុង​ខេត្តកំពង់ចាម ជាពិសេស​នៅក្នុង​ស្រុក​ស្រី​សន្ធរ​ដូច​មាន​ក្នុង​របាយ​ការ​ណ៏​របស់លោក​អភិបាលស្រុក​បានលើកឡើង​។ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​បញ្ជាក់ថា សព្វថ្ងៃនេះ​រាជរដ្ឋាភិបាល​បាន​កំពុងតែ​យកចិត្តទុកដាក់​ទៅលើ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ក្នុង​នោះបាន​ដឹកនាំ​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ទិ​ន្និ​ន័យ ដើម្បី​ធ្វើការ​ស្តារឡើងវិញ​នូវ​ការខូចខាត​ទាំងឡាយ​ដែល​បង្កឡើង​ដោយសារ​ទឹកជំនន់​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ត្រូវខិតខំ​ធ្វើការ​ងារ​បង្ក​បង្កើន​ផល​ឡើងវិញ​ទាន់​រដូវ​ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​អោយបាន​ប្រសើរឡើង​។ បន្ទាប់មក​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ឯកឧត្តម អ៊ុន ចាន់ និង​ក្រុមការងារ​ក៏បាន​ធ្វើ​ការចែក​ស្រូវពូជ​សែន​ក្រអូប​ដែលជា​ពូចស្រូវ​ស្រាល ដល់​ប្រជាពលរដ្ឋ​ចំនួន​៦​ឃុំ​ដើម្បី​ធ្វើ​ការដាំដុះ​ឡើងវិញ​អោយបាន​ទាន់ពេលវេលា ក្នុងនោះ​សម្រាប់​ផ្ទៃដី​១​ហិកតា​ទទួលបាន​ស្រូវពូជ ១០០​គីឡូក្រាម ។​


​ដោយ​ ជួន ​រតនា​វង្ស​