ឯកឧត្តម ហ៊ុន ណេង រួមជាមួយក្រុមការងារសាខាកាកបាទក្រហមខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ជូនគ្រួសារក្រីក្រ នៅស្រុកស្ទឹងត្រង់

នួន សត្យា

(កំពង់ចាម)៖ ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត រួមនិងសហការីនៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២១នេះបានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នងជូនដល់គ្រួសារក្រីក្ររស់នៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានឲ្យដឹងថា ផ្ទះថ្មី​១ខ្នង​នោះផ្តល់ជូន​ស្រ្តីឈ្មោះសនវីអាយុ​៣៦ឆ្នាំ​ជាស្រីមេម៉ាយទ័លលំបាកមានកូនប្រុសស្រី៦នាក់និងចៅស្រី​១នាក់​ក្នុងបន្ទុករស់នៅភូមិដីលើឃុំ​ពាមកោះស្នាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។

លោក ទូច ឆៃ បានរំលឹកថា កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២១កន្លងទៅលំនៅដ្ឋានស្រ្តីសនវីដែលធ្វើពីឈើប្រក់សង្កសី១ខ្នងទំហំ៥ម×៧មត្រូវអគ្គីភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុងដោយសារឆ្លងចរន្តអគ្គិសនី។ទន្ទឹមនិងនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានសាខាបានចាត់តំណាងចុះផ្តល់ជំនួយសង្រ្គោះបន្ទាន់ដល់គ្រួសាររងគ្រោះ។ រីឯឯកឧត្តម ហ៊ុន ណេង ក៏បានអញ្ជើញចុះពិនិត្យស្ថានភាពជនរងគ្រោះដោយផ្ទាល់ហើយបានសម្រេចផ្តល់ផ្ទះថ្មី១ខ្នងជូនស្រ្តីសនវីដើម្បីបានស្នាក់នៅសមរម្យ។

ជាមួយគ្នានោះដែរ ដេីម្បីជួយសម្រាលដល់ជីវភាពរស់នៅ​របស់គ្រួសារនោះសាខាកាកបាទក្រហមខេត្តបានផ្តល់ជូនអំណោយជាសម្ភារ:គ្រឿងឧបភោគបរិភោគរួមមាន៖អង្ករ​៥០គីឡូ,មី២កេស,ត្រីខ២០កំប៉ុង,ទឹកត្រី១២ដប,ទឹកស៊ីអ៊ីវ១២ដប,ឃីត​(មុង​ភួយ​សារុង​ក្រមា)​២កញ្ចប់,អាវយឺត១៦,​សម្ភារផ្ទះបាយ​និងសម្ភារប្រេីប្រាស់ក្នុងផ្ទះមួយចំនួនព្រមទាំងថវិកា២០០,០០០រៀលនិងថវិកា ឯកឧត្តម ហ៊ុន ណេង ឧបត្ថម្ភបន្ថែមចំនួន៥០០ដុល្លារអាមេរិកផងដែរ។