អត្ថបទ៖លោក ភ័ណ្ឌ ប៉ាង

កំពង់ចាម៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៥នេះ ក្នុងសាលប្រជុំសាលាក្រុងកំពង់ចាម ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម បានស្នើរសុំដល់ចៅសង្កាត់ទាំង៤ នៃក្រុងកំពង់ចាម ធ្វើរបាយការណ៍ និងបូកសរុប ទិន្នន័យ ចំនួន ប្រជាពលរដ្ឋ ដែលមានចំន្លោះអាយុ ១៨ ឆ្នាំ រហូតដល់អាយុ ៥០ មានចំនួនប៉ុន្មាន ឲ្យបានច្បាស់លាស់ ងាយស្រួល រដ្ឋបាលខេត្ត សហការជាមួយ ម្ចាស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ស្វែងរកកាងារឲ្យប្រជាពលរដ្ឋ មានការងារធ្វើ មានប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់គ្រួសារ។



ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ទៀតថា ក្នុងពេលនេះ ខាងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត បានមកសហការជាមួយរដ្ឋបាលខេត្ត ក្នុងការជ្រើសរើស កម្មករ កម្មការិនីចំនួន ១០០០នាក់ សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងក្រុងកំពង់ចាម ដែលមិនទាន់មានការងារ មានជីវភាពខ្វះខាត ហើយមានបំណងចង់បានការងារធ្វើ ពេលនេះ ខាងរោងចក្រកំពុងត្រូវការជាបន្ទាន់ ដូច្នេះ ស្នើរសុំឲ្យ ចៅសង្កាត់ ទាំង៤ ផ្តល់ដំណឹងដល់ មេភូមិ អនុភូមិ ដើម្បីឲ្យពួកគាត់ ចុះផ្សព្វផ្សាយ ដល់ជូនដំណឹងដល់ប្រជាពលរដ្ឋ។
ឯកឧត្តម អភិបាលរងខេត្ត បានបន្ថែមថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយឈានទៅសម្រេចឲ្យបាន ឆ្នាំ ២០៣០ ប្រជាពលរដ្ឋខ្មែរ មានជីវភាព កំរិតមធ្យម តំរូវឲ្យអាជ្ញាធរមូលដ្ឋាន រួមមាន លោកមេឃុំ មេភូមិ អនុភូមិ ស្រង់ទិន្នន័យប្រជាពលរដ្ឋ មានការងារធ្វើចំនួនប៉ុន្មាន អត់ការងារធ្វើចំនួនប៉ុន្មាន ឲ្យបានហ្មត់ចត់ ច្បាស់លាស់ ដើម្បីរដ្ឋបាលខេត្ត ដាក់ចេញផែនការ ផ្តល់ការងារ និងផ្តល់ជំនាញផ្សេងៗ ដល់ប្រជាពលរដ្ឋឲ្យពួកគាត់មានការងារធ្វើ មានជំនាញជាប់ខ្លួនមួយ សម្រាប់យកទៅចិញ្ចឹមជីវិត។
ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ដែលកំពុងជ្រើសរើស ចំនួន ១០០0នាក់ ដោយ ខាងរោងចក្រ ផ្តល់ជូនកន្លែងស្នាក់នៅឥតគិតថ្លែ មានប័ណ្ណធានារាប់រង ប.ស.ស ប្រាក់ខែសមរម្យ និងអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត។