ឯកឧត្តម អ៊ុន ចាន់​ដា និង​លោកជំទាវ ញូ​ង ចរិយា នាំ​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​មានកូន​តូច ១៥៨​នាក់​

អត្ថបទ៖ នួន សត្យា

អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ឯកឧត្តម អ៊ុន ចាន់​ដា និង​លោកជំទាវ ញូ​ង ចរិយា នៅ​ព្រឹក​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បាន​ប្រារព្ធ​ពិធី​ជួប​សំណេះសំណាល អបអរសាទរ​ខួប​ទី ១១​ទិវា​ជាតិ សុខភាព​មាតា ទារក និង​កុមារ ២១ កុម្ភៈ ដែល​ប្រព្រឹត្តទៅ នៅ​មន្ទីរ​សុខាភិបាល​នែ​រដ្ឋបាល​ខេត្តកំពង់ចាម និង​នាំ​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ទើប​សម្រាល​បុត្រ ស្ត្រី​មានកូន​តូច និង ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ សរុប​ចំនួន​១៥៨​នាក់ ។​

​បន្ទាប់ពី​បាន​ស្តាប់​ដោយ​យកចិត្តទុកដាក់ នូវ​ខ្លឹមសារ​ទាំងស្រុង នៃ​សារលិខិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ ដែល​ផ្ញើជូន បងប្អូន ជនរួមជាតិ ក្នុងឱកាស​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ដែល​បាន អាន​ដោយ​ លោកជំទាវ ប៉ាង ដា​នី អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត បាន​អំពាវនាវ​ដល់ គ្រប់​ថ្នាក់ គ្រប់ផ្នែក ត្រូវ​យកចិត្តទុកដាក់ អនុវត្តតាម​អនុសាសន៍ ដ៌​ខ្ពង់ខ្ពស់​ទាំងឡាយ ដែល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា បានផ្តល់​ក្នុង​សារលិខិត​នេះ ដោយ​ត្រូវ​រួមគ្នា ជួយ​អោយ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ ទទួលបាន​ការពិនិត្យ​ថែទាំ តាំងពី​ពរ​ពោះ​រហូត​ដល់ពេល​សម្រាល និង​បន្ទាប់ពី​សម្រាល ត្រូវ​បន្ត​ថែទាំ​សុខភាព​ទាំង​ម្តាយ​ទាំង​ទារក រហូត​កូន​មាន​អាយុ ២​ឆ្នាំ ។​

​ ឯកឧត្តម អ៊ុន ចាន់​ដា បាន​បញ្ជាក់ថា ប្រការ​ដែល​សំខាន់ គឺ​ស្ត្រី​ជា​មាតា​ទាំងអស់ ត្រូវ​ដឹង​អោយបាន​ច្បាស់​ពី​ការចិញ្ចឹម​ទារក និង​កុមារ​តូច ក្នុងការ​តាមដាន​ការលូតលាស់​របស់​កូន ការជួយ​អោយ​ម្តាយ​មាន​សុខភាព​រឹងមាំ ហើយ​កូន​អាច​ទទួលបាន​ការថែទាំ​ពេញលេញ​ពី​ម្តាយ ដែលមាន​សុខភាព​ល្អ ។

​ទន្ទឹមនឹង​នោះដែរ ក្នុងស្ថានភាព​ដែល​ប្រទេសជាតិ​កំពុងមាន​ការរំខាន ពី​មេរោគ​កូ​វីដ​១៩ នោះ លោក ប្រធាន​គណៈកម្មាធិការ​សាខា បាន​ក្រើនរំលឹក​ដល់ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ជា​មាតា និង​អ្នកចូលរួម​ទាំងអស់ ត្រូវ​បន្ត​រស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី ដោយ​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​ការពារ​ខ្លួន តាមរយៈ យុទ្ធសាស្ត្រ ” ៣​ការពារ និង ៣​កុំ ” របស់​សម្តេច​តេ​ជោ សែន និង​វិធាន​ការណែនាំ​នានា របស់​ក្រសួងសុខាភិបាល ។​

​សូមបញ្ជាក់ថា អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ បានផ្តល់​ជូន​ស្ត្រី​ចំនួន ១៥៨​នាក់​នោះ ម្នាក់ៗ ទទួលបាន ៖ មី​ជាតិ ១​កេស​, ឃី​ត ១​កញ្ចប់​, ស្ករស ១​គ​.​ក​. ទឹកដោះខាប់ ១​កំប៉ុង​, ម្សៅ​លាប​ខ្លួន​ទារក ១​ដប​, សាប៊ូ​ដុស​ខ្លួន​ទារក ១​ដប​, ខោ​ទឹកនោម​ទារក ១​យួរ និង​ថវិកា ២០,០០០ រៀល ។​
​ជាមួយគ្នានេះដែរ ស្ត្រី ១​នាក់ ដែល​ត្រូវ​ឪពុកចុង ចាប់រំលោភ​មាន​ផ្ទៃពោះ ត្រូវបាន​ផ្តល់ជូន​ទឹកប្រាក់​ចំនួន ២០០,០០០ រៀល​ផងដែរ ។​

​សូម​ជម្រាប​ផងដែរ​ថា បន្ទាប់ពី ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ដល់​ស្ត្រី នៅ​មន្ទីរ​សុខាភិបាល​ខេត្ត លោកជំទាវ ​ញូ​ង ចរិយា អ៊ុន​ចាន់​ដា និង​ក្រុមការងារ បាន​បន្តដំណើរ អញ្ជើញ​ចុះសួរសុខទុក្ខ អ្នក​ជម្ងឺ​ជា​ស្ត្រី​ទើប​សម្រាលកូន កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​ខេត្ត និង​បាន​ឧបត្ថម្ភ​ថវិកា​ជូន ក្នុង​ម្នាក់ៗ ៥០,០០០​រៀល​ផងដែរ ៕​