ឯកឧត្តម អ៊ុន ចាន់​ដា ប្រគល់ ម៉ូតូ​ចំនួន ០៩​គ្រឿង ដល់​សិស្ស និទ្ទេស​A នៅ​ក្រុង​កំពង់ចាម​

​ដើម្បី​លើកទឹកចិត្ត​ដល់​សិស្ស បាន​ប្រឡង​ជាប់​មធ្យមសិក្សា ទុតិយភូមិ (​បាក់​ឌុប )​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​បាន​អញ្ជើញ​ប្រគល់​ម៉ូតូ​ជា​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ដែល​ប្រឡង​ជាប់​មធ្យមសិក្សា ទុតិយភូមិ (បាក់​ឌុប)​ទទួលបាន​និទ្ទេស​A​ក្នុង​ក្រុង​កំពង់ចាម​ចំនួន​៩​នាក់​នា​ព្រឹក​ថ្ងៃទី​២០​កញ្ញា​នៅ​សាលាខេត្ត​។​

​មានមតិ​សំណេះសំណាល​ទៅកាន់​សិស្ស​ដែល​បាន​ចូលរួម​ក្នុងពេលនោះ ឯកឧត្តម អ៊ុន ចាន់​ដា​មាន​ប្រសា​ស​ន៏​ថា​ក្នុងនាម​អាជ្ញាធរខេត្ត​សូម​ចូលរួម​អរ​អរ​សារ​ទរ និង​កោតសរសើរ​ចំពោះ​ប្អូនៗ​និង​ក្មួយៗ​ទាង​អស់​អស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​រហូត​ទទួលបាន​នូវ​លទ្ធផល​ល្អប្រសើរ​ដូច​ពេលនេះ​។ ឯកឧត្តម បាន ផ្តាំផ្ញើ​ប្អូនៗ​ទាំងអស់​ត្រូវ​ព្យាយាម​បន្តទៀត​ពីព្រោះ​នេះ​គឺជា​ជោគជ័យ​លើក​ទី​១​របស់​ប្អូនៗ​ប៉ុន្តែ​នៅមាន​ជោគជ័យ​លើក​ទី​២​ដែល​ប្អូន​មិនទាន់​ទទួលបាន​នៅឡើយ​នោះ​គឺ​ការងារ​និង​មុខរបរ​សម្រាប់​ជួយ​ដល់​គ្រួសារ​និង​សង្គមជាតិ​យើង​។​

​ឯកឧត្តម អភិបាលខេត្ត​បាន​បញ្ជាក់ថា​ដើម្បី​សម្រេចបាន​ជោគជ័យ​នៅពេល​អនាគត​ប្អូនៗ​ត្រូវខិតខំ​ប្រឹងប្រែង​និង​ព្យាយាម​បន្ត​ទៀ់​ត​ហើយ​កុំ​មាន​មោទនភាព​ចំពោះ​លទ្ធផល​ខាងលើ​ខ្លាំងពេក​រហូត​ភ្លេចខ្លួន​នោះដែរ​។​បន្ទាប់មក ឯកឧត្តម​ក៏បាន​ប្រគល់​ម៉ូតូ​ដល់​សិស្ស​ជាប់​និទ្ទេស A ចំនួន​៩​នាក់​ក្នុង​ម្នាក់​ទទួលបាន​ម៉ូតូ​១​គ្រឿង​។​

​បើតាម​ការ​អោយដឹងពី​មន្ត្រី​មន្ទីរអប់រំ​យុវជន​និង​កីលា​ខេត្ត​ថា​នៅក្នុង​ឆ្នាំ​២០១៩​នេះ​ខេត្តកំពង់ចាម​មាន​ដែល​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​មាន​ចំនួន​៥,៤៦៣​នាក់ ស្រី​ចំនួន ​៣១៤៧​នាក់ ​ក្នុងនោះ​សិស្ស​ជាប់​និទ្ទេស​A ចំនួន​២៧​នាក់ ​ស្រី​ចំនួន​ ១៣​នាក់ ។​

ជួន រតនា​វង្ស