ឯកឧត្តម អ៊ុន ចាន់​ដា ៖ ការឧបត្ថម្ភ​អំណោយ របស់​សប្បុរសជន គឺ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ ១៩ ខណៈដែល​កម្ពុជា កំពុងស្ថិត​ក្នុងដំណាក់កាល​រួមគ្នា ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​នេះ​

ចិន សារ៉ាត

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល ខេត្តកំពង់ចាម និង​ជា​ប្រធាន​គណកម្មការ​ខេត្ត ប្រយុទ្ធ​ប្រឆាំងនឹង ជម្ងឺ​កូ​វីដ ១៩ បាន​ថ្លែងអំណរគុណ ចំពោះ សប្បុរសជន​ទាំងអស់ បាន​ចូលរួមចំណែក យ៉ាងសំខាន់ ជាមួយ​រាជរដ្ឋាភិបាល ដើម្បី ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ ១៩ ខណៈដែល​ប្រទេស​កម្ពុជា កំពុងស្ថិត​ក្នុងដំណាក់កាល​រួមគ្នា ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ ដ៏​កាច​សាហាវ មួយ​នេះ ។ ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស ឯកឧត្ដម រួមជាមួយ ឯកឧត្ដម លោកជំទាវ ជា​អភិបាលរង​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ អញ្ជើញ​ទទួល​អំណោយ​ពី​សប្បុរសជន ផ្ដល់ជូន​គណៈកម្មការ​ខេត្ត ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ ១៩ នៅ​រដ្ឋបាល​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ ២០២១ នេះ ។​

ស្ថិតក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែងអំណរគុណ ចំពោះ លោកជំទាវ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ក្រុមហ៊ុន សប្បុរសជន​ទាំងអស់ ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ ទាំង​ផ្នែក​ថវិកា និង​ផ្នែក​សម្ភារៈ ដល់​គណៈកម្មការ​ខេត្ត ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ ១៩ នាពេលនេះ ។ ឯកឧត្តម បានចាត់ទុក កាយវិការ​មនុស្សធម៌​ទាំងអស់នេះ គឺជា​វប្បធម៌ នៃ​ការចែករំលែក ហើយ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ ១៩ និយាយ​រួម និង​ដោយឡែក ការប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ ១៩ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម ជាពិសេស ការជួយ​រំលែក​ទុក្ខលំបាក និង​ការខ្វះខាត របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​មណ្ឌល​នានា ក្នុង​ខេត្តកំពង់ចាម ផងដែរ ។​

គួរ​បញ្ជាក់ថា អំណោយ​សប្បុរសជន និង​ក្រុមហ៊ុន ដែល​បាន​ផ្ដល់ជូន​គណៈកម្មកា​រ​ខេត្ត ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ ១៩ នាឱកាស​នោះ រួមមាន ៖ លោកជំទាវ ស្រី គឹម​ឆ​យ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ឧបត្ថម្ភ ថវិកា ចំនួន ១​លាន​រៀល ។ លោកជំទាវ ខុង ស៊ុន​អេង អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ឧបត្ថម្ភ ថវិកា​ចំនួន ១​លាន​រៀល ។ លោកជំទាវ កុល ធា​រិ​ន អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ឧបត្ថម្ភ ថវិកា​ចំនួន ១​លាន​រៀល ។ ព្រះចៅអធិការ អាចារ្យ គណៈកម្មការ​វត្ត​សុ​ទស្សនា​រាម​ជ្រោយ​ថ្ម ឧបត្ថម្ភ​ទឹកបរិសុទ្ធ ៥២៧​យួរ ។ ព្រះចៅអធិការ អាចារ្យ គណៈកម្មការ វត្ត​ជោ​ត​នា​រាម​បឹង​កុក ឧបត្ថម្ភ​ទឹកបរិសុទ្ធ ចំនួន ៥០​យួរ ។ ព្រះចៅអធិការ អាចារ្យ គណៈកម្មការ វត្ត​បទុម​រតន​ដីដុះ ឧបត្ថម្ភ​ទឹកបរិសុទ្ធ ចំនួន ៧៥​យួរ ។ ព្រះចៅអធិការ អាចារ្យ គណៈកម្មការ វត្ត​ខេ​ម​វន្ត​បឹង​ស្នាយ ឧបត្ថម្ភ​ទឹកបរិសុទ្ធ ចំនួន ៥០​យួរ ។ លោក សន ស​ត្ថា និង​ភរិយា ដេប៉ូ​លក់​ចែកចាយ​ស្រា​បៀ​កម្ពុជា ខេត្តកំពង់ចាម ឧបត្ថម្ភ ទឹកបរិសុទ្ធ ចំនួន ៥០​កេស ។ និង លោក យាន គួ​ង និង​ភរិយា សាខា​សាលាបង្រៀន​បើកបរ​រថយន្ត ហេង ចំណាន ឧបត្ថម្ភ​ថវិកា ចំនួន ២០​ម៉ឺន​រៀល ផងដែរ ៕