ដើម្បីស្តារឡើងវិញនូវការខូចខាតផលដំណាំដែលរងគ្រោះដោយទឹកជំនន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញរួមជាមួយអាជ្ញាធរ សមត្ថកិច្ចស្រុក បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅវត្តសិរីមង្គល ហៅវត្តសូទិព្វ ស្ថិតក្នុងឃុំសូទិព្វស្រុកជើងព្រៃ នារសៀល ថ្ងៃទី ១១ តុលា។
បើតាមរបាយការណ៍របស់លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃបានអោយដឹងថា ឃុំព្រៃចារ និងឃុំសូទិព្វ បានរងការខូចខាតផលដំណាំស្រូវដោយសារទឹកជំនន់ចំនួន ៤២ ហិកតា ដែលជាកម្មសិទ្ធរបស់ប្រជាពលរដ្ឋ១០១គ្រួសារ។ លោកអភិបាលស្រុកបានអោយដឹងទៀតថា ចំពោះលទ្ធភាពដែលអាចស្តារឡើងវិញមានតែស្រូវស្រាលចំនួន ៤២ហិកតា ប៉ុណ្ណោះ ។
មានប្រសាសន៏សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៏ថា ក្រោយពីទឹកជំនន់បានចាប់ផ្តើមស្រកចុះរាជ រដ្ឋាភិបាល បានអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ខិតខំជួយប្រជាពលរដ្ឋដើម្បីបានធ្វើការដាំដុះអោយបានទាន់ពេលវេលានិងទាន់រដូវកាល។
ឯកឧត្តមមានមប្រសាសន៍បន្តទៀតថា ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ក្រោយពីទទួលបានស្រូវពូជត្រូវខិតខំប្រឹងប្រែងធ្វើការដាំដុះឡើងវិញអោយទាន់ពេលវេលា ក្នុងនោះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដើម្បីសុវត្ថិភាពភូមិឃុំរបស់បងប្អូន។ ម្យ៉ាងទៀតត្រូវថែរក្សាសុខភាពរស់នៅអោយបានល្អដោយប្រកាន់ខ្ជាប់នូវមានអនាម័យជាប្រចាំប្រសិនបើមានបញ្ហាសុខភាពកើតឡើងត្រូវទៅរកការព្យាបាលនៅមណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋានរបស់បងប្អូន។ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមទិវាពិសារអំបុក ៩វិច្ឆិកាដើម្បីការពារជាតិ សាសនា ព្រមហាក្សត្រ។
បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត និងក្រុមការងារក៏បានផ្តល់ជូនស្រូវពូជសែនក្រអូបដែលជាពូជស្រូវស្រាលដល់ប្រជាពលរដ្ឋ ១០១ គ្រួសារ ដោយផ្ទៃដី១ហិកតាទទួលបានស្រូវពូជ១០០គីឡូក្រាម ។
ដោយ ជួន រតនាវង្ស