អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំ ណែនាំដល់បេក្ខភាព អង្គភាព ផ្ដល់សេវាសាធារណៈគំរូ

នួន សត្យា

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ នេះ នៅសាលប្រជុំតូច បានដឹកនាំកិច្ចប្រជុំ ស្ដីពីការណែនាំដល់បេក្ខភាព អង្គភាព ផ្ដល់សេវាសាធារណៈគំរូ ដើម្បីឈានទៅប្រលងប្រណាំង ការផ្ដល់សេវាល្អ ។

នៅក្នុងពេលបើកកិច្ចប្រជុំ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ជាការសំខាន់ណាស់ដែលយើងត្រូវជំរុញឲ្យអង្គភាពនីមួយ ៗ ខិតខំប្រឹងប្រែង ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ពោលគឺមិនសំដៅទៅលើប្រឡងជាប់ ឬ ធ្លាក់ ទេ។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា អ្វីដែលរដ្ឋាភិបាលយើង បានដាក់ចេញនូវកម្មវិធីនេះ គឺក្នុងគោលបំណង នៃការរៀបចំ ពង្រឹងនូវគុណភាពស្ថាប័ន ដើម្បីធ្វើជាគំរូ ឱ្យអង្គភាពផ្សេងៗទៀតរៀនសូត្រតាម ធ្វើយ៉ាងណាពង្រឹងគុណភាព ក្នុងការផ្ដល់សេវា ឲ្យបានល្អជូនប្រជាពលរដ្ឋ ៕