រដ្ឋបាលខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលឡើងវិញ ដល់គ្រូបង្គោល ស្ដីពី ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម

នួន​ សត្យា

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ នេះ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលឡើងវិញ ដល់គ្រូបង្គោលថ្នាក់ខេត្ត និងស្រុក គោលដៅ ស្ដីពី ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ឆ្នាំ២០២៤ ។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងសំខាន់នៃការអនុវត្គគណនេយ្យភាពសង្គម គឺជាការផ្ដោតសំខាន់ទៅលើការអនុវត្តផ្តល់សេវាទាំង៣ វិស័យ គឺរដ្ឋបាលឃុំ-សង្កាត់ មណ្ឌលសុខភាព និងវិស័យអប់រំសម្រាប់ថ្នាក់បឋមសិក្សា ដែលត្រូវធ្វើយ៉ាងណា ដើម្បីឲ្យប្រសើរឡើងនូវគុណភាព និងការឆ្លើយតប នៃការផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹង និងធ្វើឱ្យក្លាយជាប្រព័ន្ធនៃតម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងដំណើរការកសាងផែនការ និងការផ្តល់សេវានានា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តថា ដើម្បីឱ្យដំណើរអនុវត្តទៅបានល្អ និងរលូន យើងត្រូវកំណត់សកម្មភាពឱ្យបានច្បាស់លាស់ផ្អែកលើ សមាសភាគចំនួន ៥ ក្នុងការអនុវត្តគម្រោងគណនេយ្យភាពសង្គមនេះ ដោយ៖

*ទី១ ៖ តម្លាភាព និងភាពងាយទទួលបានព័ត៍មាន គឺពង្រឹងតម្លាភាពនៃការធ្វើសេចក្ដីសម្រេចចិត្ត ការបំពេញការងារទាំងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មាន ជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈដូចជាការបែងចែក និងការប្រើប្រាស់ថវិកា ។

*ទី២ ៖ ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ គឺពង្រឹងយន្តការអភិវឌ្ឍសមត្ថភាពប្រជាពលរដ្ឋ ដើម្បីផ្តល់មតិយោបល់លើគុណភាពការផ្តល់សេវាសាធារណៈរបស់អង្គភាពផ្តល់សេវា នៅថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ក្រុង-ស្រុក ។

*ទី៣ ៖ ការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម គឺការទទួល និងឆ្លើយតបរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទៅលើមតិយោបល់ និងតម្រូវការរបស់ប្រជាពលរដ្ឋ ។

*ទី៤ ៖ ការអភិវឌ្ឍសមត្ថភាព គឺ ពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពផ្តល់សេវា តាមរយៈការអភិវឌ្ឍសមត្ថភាពនៃផែនការអនុវត្តការងារគណនេយ្យភាពសង្គមពាក់ព័ន្ធនឹងតម្លាភាព ភាពងាយទទួលបានព័ត៌មាន, ការបំពេញការងារ, ថវិកា, និងការចូលរួមដោយប្រជាពលរដ្ឋក្នុងការតាមដានការបំពេញការងាររបស់អង្គភាពផ្តល់សេវា ។

*ទី៥ ៖ ការសម្របសម្រួលគាំទ្រថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៖ គឺត្រូវផ្ដល់ការគាំទ្រ ការសម្របសម្រួល និងការគ្រប់គ្រងសកម្មភាពនានា របស់គម្រោង ។

ឯកឧត្តមអភិបាលខេត្ត បានរំលឹកថា ផ្តើមចេញពីបទពិសោធន៍ នៃការអនុវត្តគម្រោងគណនេយ្យភាពសង្គមចាប់តាំងពីឆ្នាំ ២០១៩ កន្លងមក យើង
ទទួលបានលទ្ធផល នៃការផ្លាស់ប្ដូរគួរឱ្យកត់សំគាល់ គឺប្រជាពលរដ្ឋកាន់តែមានការយល់ដឹង ហើយមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានបានល្អច្រើន ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏កាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ហើយនិងបានផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើរ ជាមួយអង្គការសង្គមស៊ីវិល ដៃគូនានា ពិសេស រវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់មូលដ្ឋាន ដែលជាមធ្យោបាយមួយ បានធ្វើឱ្យមានភាពបន្សុីគ្នា រវាងគោលការណ៍ នៃអភិបាលកិច្ច ក្នុងកំណែទម្រង់របស់រាជរដ្ឋាភិបាល ។

ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ សូមចូលរួមឱ្យបានទៀងទាត់ ហើយនៅរៀនឱ្យបានពេញលេញក្នុងរយៈពេលទាំង ២ថ្ងៃ និងត្រូវយកចិត្តទុកដាក់ និងចូលរួមឱ្យបានផុលផុសក្នុងការផ្លាស់ប្តូរបទពិសោធន៍គា្ន ពីព្រោះការមក
ទទួលការបណ្តុះបណ្តាលនាពេលនេះ គឺទាំងអស់គ្នា សុទ្ធតែគ្រូបង្គោល ដែលត្រូវយកចំណេះដឹងនេះទៅធ្វើការបណ្តុះបណ្តាលបន្ត ពិសេស គឺយកទៅអនុវត្តផ្ទាល់លើការងារនេះតែម្ដង ៕