
នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា អមដំណើរដោយលោកនាយកសាខា លោកប្រធានកិត្តិយសអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កម្រិតធ្ងន់ចំនួន ៥គ្រួសារ រួមទាំង អ្នករងរបួស ចាស់ ក្មេង ៨នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យស្រុក ស្ថិតនៅភូមិទ្រាស ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
សូមជម្រាបថា កាលពីម៉ោង ៤រសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ មានខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៦១ខ្នង ក្នុងឃុំខ្នារស ត្រូវរងការខូចខាត របើកស័ង្កសី និងរបើកក្បឿង ក្នុងនេះ មានផ្ទះ ៥ខ្នង រងការខូចខាត កម្រិតធ្ងន់ ត្រូវខ្យល់កន្ត្រាក់ គួចបំប៉ើងដួលរាបដល់ដី អស់ទាំងស្រុង ។ ភ្លាមៗនោះ ក៏មាន ពលរដ្ឋចាស់ក្មេង ៨នាក់ ក៏រងរបួសក្បាល បាក់ដៃ ជើង ដោយសារគ្រឿងផ្ទះរលំសង្កត់លើ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្នំពេញ ១នាក់ និង ០៧នាក់ ទៀត ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុក ។ ដោយឡែក ក្រៅពីនោះក៏មានផ្ទះប្រជាពលរដ្ឋ ចំនួន ៥៦ខ្នង ទៀត រងផលប៉ះពាល់ ដែលមកដល់ពេលនេះ សាខា រួមនឹងអនុសាខា កំពុងចុះប្រមូលទិន្នន័យ នៃកម្រិតខូចខាត និងរងគ្រោះ ដើម្បីធ្វើការឆ្លើយតប ផងដែរ ។

នាឱកាសនោះ លោកជំទាវ ប៉ាង ដានី បានចូលរួមសម្តែងការសោកស្តាយ ជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ មិនត្រឹមតែបំផ្លាញ ដល់ផ្ទះសម្បែង ប៉ុណ្ណោះទេ ថែមទាំងបង្កឲ្យរងរបួសដល់បងប្អូន កូនក្មួយ ថែមទៀត ។ លោកស្រី ក៏បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក«ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ។
លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យរកកន្លែង ដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសឲ្យផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត ។ ជាមួយនោះ ត្រូវខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បី សង់ផ្ទះស្នាក់នៅឡើងវិញ ។ ក្នុងការរស់នៅ ត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ពិសេស អនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល «៣ការពារ និង ៣កុំ» និងចូលរួមចាក់វ៉ាក់សាំង ដូសជម្រុញឲ្យបានគ្រប់ៗគ្នា ។ ជាមួយនោះ ក៏លើកទឹកចិត្តដល់អ្នកជម្ងឺ ដែលរងរបួស ឲ្យតាំងចិត្តស្ងប៉អារម្មណ៍ ព្រោះសេវាព្យាបាល ជាបន្ទុករបស់សាខា ។ ដូចនេះ ត្រូវខិតខំថែទាំសុខភាពអោយបានល្អ ប្រតិបត្តិតាមវេជ្ជបញ្ជាគ្រូពេទ្យឲ្យបានត្រឹមត្រូវ ឆាប់បានជាសះស្បើយ នឹងអាលវិលត្រឡប់ទៅផ្ទះវិញ ។
គូសបញ្ជាក់ដែរថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន ពលរដ្ឋរងគ្រោះ ទាំង ០៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ៥០គក្រ មី ២កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ ២០ កំប៉ុង ឃីត ២ អាវយឺតចំនួន ១០ និង ថវិកាចំនួន ៨០០.០០០រៀល។ ដោយឡែក អ្នករងរបួស កំពុងព្យាបាលក្នុងមន្ទីរពេទ្យ ក៏បានផ្តល់ជូន ថវិកា ម្នាក់ៗ ៥០០.០០០រៀល ផងដែរ ។ ក្រៅពីនេះ ឯកឧត្តម លូ គឹមឈន់ ក៏បានផ្តល់ជូនបន្ថែម ដល់គ្រួសារ ៖ អ្នករងគ្រោះកម្រិតធ្ងន់ ០៥គ្រួសារក្នុង ១គ្រួសារ ថវិកា ១លានរៀល និងអ្នករងរបួស ៨នាក់ ម្នាក់ៗ ផ្តល់ជូន ថវិកា ២០០.០០០រៀល ផងដែរ ៕



