លោក ប៊ិន ឡា​ដា អភិបាលស្រុក កំពង់សៀម បាន​ដឹកនាំ​ក្រុមការងារ ជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ រងគ្រោះ​បាក់​ច្រាំងទន្លេ​

ដើម្បី ចូលរួមចំណែក​សម្រាល​នូវ​ទុក្ខលំបាក របស់​ប្រជាពលរដ្ឋ ថ្ងៃទី ០៧ ខែ កញ្ញា លោក ប៊ិន ឡា​ដា អភិបាល​នៃ​គណ​:​អភិបាលស្រុក​កំពង់សៀម បាន​ដឹកនាំ​ក្រុមការងារ​ថ្នាក់ស្រុក យុវជន កងកម្លាំង​ទាំងបី​អាជ្ញាធរ ឃុំ ភូមិ និង​មានការ​និមន្ត​ចូលរួម​ពី​ព្រះគ្រូ​ចៅអធិការ​វត្ត​កោះគល់ និង​វត្ត​តា​មាង សរុប​ចំនួន 79 អង្គ​/​នាក់ បាន ចុះជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ ១​ខ្នង ឈ្មោះ អុល ផុន ផ្ទះ​មាន​ទំហំ ៥​ម​x៦​ម ដែល​រងគ្រោះ​ដោយ​ការបាក់ ច្រាំងទន្លេ ខណៈ​បច្ចុប្បន្ននេះ កម្ពស់​ទឹកទន្លេ​មេគង្គ បាន​បន្ត​ហក់​ឡើងជា​បន្តបន្ទាប់​នោះ ស្ថិតនៅ​ភូមិ​កោះគល់ ឃុំ​កោះ​រកា ។

​ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​កំពង់សៀម បាន​ពាំនាំ នូវ​ការសាកសួរ​សុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ទឹកជំនន់ និង​ការបាក់​ច្រាំងទន្លេ ពី​សំណាក់ ឯកឧត្តម វេ​ង សាខុន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល ចុះជួយ​ស្រុក​កំពង់សៀម និង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ចាម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ដង​ទន្លេមេគង្គ តោង​ប្រុងប្រយ័ត្ន​ជានិច្ច ក្រៅពីនោះ ប្រសិនបើ បងប្អូន​ប្រជាពលរដ្ឋ​យើង​មាន​តម្រូវការ​កងកម្លាំង ដើម្បី ចុះមក​ជួយ​អន្តរាគមន៍ រុះរើ​លំនៅដ្ឋាន សូម​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន ជាបន្ទាន់ ។


​ក្នុងនោះ ឯកឧត្តម បាន​ឧបត្ថម្ភ ថវិកា ២.៤០០.០០០​រៀល ជូន​ដល់​ប្រជាពលរដ្ឋ ចំនួន​១២​គ្រួសារ ក្នុង ០១​គ្រួសារ​ទទួលបាន​ថវិកា ២០០,០០០​រៀល និង ប្រគេន​បច្ច័យ ព្រះចៅអធិការ​វត្ត​កោះគល់ ចំនួន​២០០​ដុល្លារ សម្រាប់​ទិញ​ម៉ាស៊ីន​ដាក់​ទូក​, ជាមួយគ្នា​នោះដែរ លោក លី ប៉េង​ស៊ា​ង បាន​ឧបត្ថម្ភ​ថវិកា ចំនួន ១០០​ដុល្លារ សម្រាប់​ចំណាយ​ផ្សេងៗ និង​មាន​ចូលរួម​ពី​ព្រះគ្រូ​ចៅអធិការ​វត្ត មួយចំនួន នូវ​គ្រឿង​ឧបភោគបរិភោគ និង​បច្ច័យ រួមមាន​៖ ព្រះចៅអធិការ​វត្ត​កោះ​រកា​ក្រៅ​ចំនួន ៣០០.០០០​រៀល អង្ក និង​គ្រឿងឧបភោគ បរិភោគ ។ ព្រះចៅអធិការ​វត្ត​អូ​ឈ្លើង ១០០.០០០​រៀល អង្ក គ្រឿង​បរិភោគ​។ ព្រះចៅអធិការ​វត្ត​តា​មាង ១០០.០០០​រៀល អង្ក ២​បេ និង​គ្រឿង​បរិភោគ​។​


​បន្ទាប់មក លោក ប៊ិន ឡា​ដា និង​ក្រុមការងារ បាន​អមដំណើ ឯកឧត្តម ចុះ​ពិនិត្យមើល​ស្ថានភាព​បាក់​ច្រាំងទន្លេ ចំនួន ០៦​ឃុំ​ក្នុងស្រុក​កំពង់សៀម ។

ជា គឹមហុង