ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​អាច​ទទួល​សេវា​សាវា​ព្យាបាល​នៅ​មណ្ឌល​សុខភាព​

បើតាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី ហ៊ូ ចាន់ថា បុគ្គលិក​នៅ​មណ្ឌល​សុខភាព​សង្កាត់​សំបួរមាស បាន​ប្រាប់​នៅក្នុង​កម្មវិធី​យើង​ធ្វើបាន​នៅ​ថ្ងៃទី​០៤ ខែកញ្ញា ថា​ស្រ​តី​ដែល​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​អាចមក​ទទួល​សេវា​ព្យាបាល​នៅ​មណ្ឌល​សុខភាព​គឺ​មិន​គិតថ្លៃ​សេវា​នោះទេ​។​

​លោកស្រី ហ៊ូ ចាន់ថា​បានអោយដឹងថា កាលពី​ឆ្នាំ​២០១៨ កន្លងទៅ​ក៏​ធ្លាប់មាន​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​មក​ទទួល​សេវា​ព្យាបាល​បែប​វេជ្ជសាស្ត្រ​ពី​មណ្ឌល​សង្កាត់​សំបួរមាស​ចំនួន​១​ករណី ដោយសារ​ប្ដី​វាយ​បែកក្បាល​។​
​លោកស្រី​បន្ត​ឲ្យ​ដឹង​ទៀតថា ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​ត្រូវ​បានទទួល​សេវា​ពី​មណ្ឌល​សុខភាព​ដោយ​ឥតគិតថ្លៃ​រហូតដល់​ជាសះស្បើយ ហើយ​ក្រុមគ្រូពេទ្យ​ផ្ដល់​ប្រឹក្សា​យោបល់ និង​លើកទឹកចិត្ត​ដល់​ស្ត្រី​រងគ្រោះ​ថែមទៀត​។ លោកស្រី​បញ្ជាក់ថា នៅពេល​ស្ត្រី​មក​ទទួល​សេវា មណ្ឌល​សុខភាព​នឹង​រក្សា​ការសំងាត់​ជូន​។​

​លោកស្រី ហ៊ូ ចាន់ថា ឲ្យ​ដឹង​ទៀតថា ដើម្បី​ឲ្យ​ការផ្ដល់សេវា​ព្យាបាល ដល់​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​កាន់តែ​មាន​ប្រសិទ្ធភាព មណ្ឌល​សុខភាព នឹង​ធ្វើការ​កិច្ចសហការ​ជាមួយ​កិច្ចការនារី​ឃុំ ឬ សង្កាត់ អា​ជ្ងា​ធរមាន​សមត្ថកិច្ច​ឲ្យ​ខ្លាំង​បន្ថែមទៀត​ជាពិសេស​ស្ត្រី​រងគ្រោះ​ត្រូវមាន​ការសហការ​ជាមួយ​ផងដែរ​។

សុខ សីលា