អាជ្ញាធរខេត្ត​កំពង់ចាម កំពុង​មមាញឹក​រៀបចំ​យុទ្ធសាស្ត្រ ក្នុងការ​គ្រប់គ្រង​ស្ថានភាព ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩

នួន សត្យា

(​កំពង់ចាម​)៖ អាជ្ញាធរខេត្ត​កំពង់ចាម កំពុង​មមាញឹក​ក្នុងការ​រៀបចំ​ផែនការ​គ្រប់គ្រង​ស្ថានភាព ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈពេល​ខេត្ត​មួយ​នេះ បាន​រកឃើញ​អវិជ្ជមាន​កូ​វីត​-១៩ កើន​ឡើងជា​បន្តបន្ទាប់ ។​

​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​របស់​គណៈកម្មកា​រ​ខេត្ត ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី ២១ ខែឧសភា​ឆ្នាំ ២០២១​នេះ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា អាជ្ញាធរខេត្ត​នៅ​គ្រប់គ្រង​ស្ថានភាព​បាន ទោះបីជា​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ កំពុងតែ​មានការ​កើនឡើង ជា​បន្តបន្ទាប់​ក៏ដោយ ។

​ ឯកឧត្តម អភិបាលខេត្ត បាន​មានប្រសាសន៍ថា មកដល់ពេលនេះ ស្ថានភាព​អ្នកជំងឺ​កូ​វីដ​-១៩ មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់​។ ហើយ​អ្វី​ដែលជា​ការរំពឹងទុក​នោះ ជំងឺ​កូ​វីដ​-១៩ នេះ អាច​នៅមាន​ឆ្លង​រាលដាល​បន្តទៀត ចេញពី​រោងចក្រ​មួយ​ទៅ​រោងចក្រ​មួយទៀត អាចពាក់ព័ន្ធ​នៅ​គ្រប់​រោងចក្រ ក្នុង​ខេត្តកំពង់ចាម​តែម្ដង ដែលមាន​ចំនួន ១៧ រោងចក្រ ដែលមាន​កម្មករ​-​កម្មការិនី​សរុប​ប្រមាណ​ជា ៤ ម៉ឺន​នាក់ ពោល ប្រសិនបើ​មានការ​ឆ្លង​រាលដាល​ត្រឹម ១០% នៃ​ចំនួន​នោះ ក៏​អាចមាន​កម្មករ​-​កម្មការិនី ចំនួន ៤​ពាន់​នាក់​ដែរ ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ។

​ ឯកឧត្តម ​អភិបាលខេត្ត បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម អាចដាក់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ មិនទាន់​ពេញ​នៅឡើយ​ទេ ប៉ុន្តែ​ប្រសិនបើ នៅ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម ដាក់​ពេញ​ហើយ​នោះ អ្នកជំងឺ​កូ​វីដ​-១៩ នឹងត្រូវ​រំលែក​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម ។

​ ឯកឧត្តម ​អភិបាលខេត្ត​បាន​ថ្លែងបន្តថា អាជ្ញាធរខេត្ត ក៏បាន​រៀបចំ​ត្រៀម​គ្រូពេទ្យ​គ្រប់​ចំនួន ក្នុងនោះ​មាន​ក្រុមគ្រូពេទ្យ​សម្រាប់​ចាក់​វ៉ាក់សាំង , មាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់ ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម , និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់ ឯកឧត្តម ខៀវ កញ្ញា​រិ​ទ្ធ ក៏បាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់ ដើម្បី​ជួយ​អន្តរាគមន៍ នៅពេល​ដែលមាន​តម្រូវការ​ចាំបាច់​ផងដែរ​។​ទន្ទឹមនឹង​នេះដែរ អាជ្ញាធរខេត្ត​មាន​សម្ភារៈ បរិក្ខា​ពេទ្យ​គ្រប់គ្រាន់ សម្រាប់​ប្រើប្រាស់ ដោយមាន​ភាពម្ចាស់ការ​។

​ ឯកឧត្តម អភិបាលខេត្ត​បាន​បញ្ជាក់ថា កិច្ច​ការបន្ត​អាជ្ញាធរខេត្ត បានរៀបចំ​យុទ្ធសាស្ត្រ គ្រប់គ្រង​ស្ថានភាព​កុំ​ឲ្យ​ជំងឺ​កូ​វីដ​-១៩ នេះ ឆ្លង​រាលដាល​ក្នុង​ទ្រង់ទ្រាយ​ធំ ដោយ​ប្រើប្រាស់​វិធានការ​គ្រប់បែបយ៉ាង ដើម្បី​រងចាំ​វ៉ាក់សាំង​មកដល់ ។

​គូរ​រំលឹក​ផងដែរ​ថា គិត​ត្រឹម​ថ្ងៃទី ២០ ខែឧសភា​ឆ្នាំ ២០២១ ខេត្តកំពង់ចាម បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​សរុប ៤០០​នាក់ ។ ក្នុងនោះ ចំនួន ៩៣​នាក់​រកឃើញ​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ គឺ​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១​នោះ​តែម្តង​។​