ដោយ៖ លោក អឿន ស្រួ
មន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តកំពង់ចាម មានផែនការ ចុះបិទ ទីតាំង អាជីវកម្មផលិតទឹកពិសាដបគ្មានច្បាប់ គ្មានអនាម័យ បើរកឃើញថា ទីតាំងនោះមិនមានច្បាប់ អនុញ្ញាតពីមន្ទីរជំនាញ នេះបើតាម លោក មី ស៊ុនអ៊ា ប្រធាននាយការិយាល័យឧស្សាហកម្មនិងសិប្បកម្ម ខេត្តកំពង់ចាម ។
លោកប្រធាន បានឱ្យដឹងថា អាជីវកម្មផលិតទឹកពិសាដបអាចនឹងត្រូវរងការពិន័យតាមច្បាប់
ឬក៏ផ្អាកទីតាំងផលិតទឹកពិសាដប ដែលគ្មានច្បាប់តែម្តង ដោយចាប់ផ្តើមអនុវត្តពីខែមករា ឆ្នាំ២០២០ នេះតទៅ។
លោកប្រធាន បានបន្តថា សព្វថ្ងៃមានអ្នកលួចបើកតូចតាចតាមផ្ទះផលិតទឹកពិសាដប ដែលគ្មានច្បាប់មួយចំនួន ហើយការផលិតមិនត្រឹមត្រូវតាមបច្ចេកទេសស្ដង់ដា គ្មានអនាម័យ កន្លែងផលិតតូចចង្អៀត និងកខ្វក់ រីឯ ប៊ីដុងចំណុះជាង២០លីត្រ ចំណែកឯទឹកវិញ គឺដាក់ទុយោ និងបើកក្បាលរ៉ូមីណេបង្ហូរចេញពីស៊ីទែនចំរោះខ្លះ និងស៊ីទែនដែលមិនបានចំរោះ ខ្លះបញ្ចូលទៅក្នុងដបតែម្ដង។
លោកប្រធាន បញ្ជាក់ទៀតថា អាជីវកម្មប្រឈមនឹងការផ្អាកច្រើននោះ គឺសហគមន៍ ផលិតទឹកពិសាដបច្រកប៊ីដុង២០លីត្រ នៅតាមឃុំមួយចំនួន ដែលមានការសហការណ៍បើកអាជីវកម្មជាមួយអាជ្ញាធរឃុំ ព្រោះអាជីវកម្មទាំងអស់នោះមិនព្រមមកសុំច្បាប់អនុញ្ញាត ដើម្បីឲ្យមន្ត្រីជំនាញបានចុះត្រួតពិនិត្យគុណភាពឡើយ។
លោកប្រធាន បន្ថែមថា បើគ្មានច្បាប់អនុញ្ញាតពីមន្ទីរឧស្សហកម្ម និងសិប្បកម្ម ទេ នោះការផលិតទឹកពិសាដប មិនធានាត្រឹមត្រូវតាម បទប្បញ្ញត្តិបច្ចេកទេសសម្រាប់ទឹកពិសាដប (ឬស្តង់ដារបញ្ជាសម្រាប់ទឹកពិសាដប) ហើយ អ្វីដែលគួរឱ្យភ័យខ្លាចនោះគឺ ការបរិភោគ អាចប៉ះពាល់ដល់សុខភាព ។
លោកប្រធាន បានបញ្ជាក់ថា ទឹកដែលមានច្បាប់អនុញ្ញាតពី មន្ទីរឧស្សហកម្ម និងសិប្បកម្ម គឺមានការត្រួតពិនិត្យគុណភាពទឹកទៀតទាត់តាមរយៈយកសំណាកផលិតផល ទៅធ្វើវិភាគ នៅមជ្ឍមណ្ឌលមន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជា ។ លោកប្រធាន បានបង្ហាញសញ្ញាស្តង់ដារ CS 009 : 2005 លើសំបកដប ដើម្បីបញ្ជាក់អំពីគុណភាពទឹកពិសាដ។
ជាចុងក្រោយ លោកប្រធាន បានណែនាំអ្នកលក់ទឹកពិសាដបទាំងអស់ សូមទាមទា ច្បាប់អនុញ្ញាតមន្ទីរឧស្សហកម្ម និងសិប្បកម្ម និងលទ្ធផលវិភាគគុណភាពទឹក មុននឹងទិញទឹកយកមកលក់ ដើម្បីចូលរួមលើកកម្ពល់គុណភាពផលិតផល បើមិនដូច្នោះទេ មន្ទីរជំនាញនឹងមានវិធានការក្តៅចំពោះអ្នកលក់ដូចគ្នា។
លោកបន្ថែមថា បើគ្មានច្បាប់អនុញ្ញាតពីមន្ទីរឧស្សហកម្មនិងសិប្បកម្មទេ នោះការផលិតទឹកសុទ្ធ មិនធានាត្រឹមត្រូវតាមបច្ចេកទេសស្ដង់ដា ហើយ អ្វីដែលគួរឱ្យភ័យខ្លាចនោះ គឺការបរិភោគ ឬប្រើប្រាស់អាចប៉ះពាល់ដល់សុខភាព៕