ហ៊ាង ថាច

នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម សម្តេច ក្រឡាហោម ស ខង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធសមិទ្ធផលថ្មីៗ និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ ដែលមានសិស្សនគរបាលជ័យលាភីចំនួន១៨៥នាក់។ សមិទ្ធផលសំខាន់ៗដែលត្រូវបានដាក់សម្ពោធ នាពេលនោះរួមមាន ផ្លូវបេតុងប្រវែង២,០៣០ម៉ែត្រ ប្រព័ន្ធលូបង្ហូរទឹកប្រវែង៥៥០ម៉ែត្រ គំនូសនិងផ្លាកសញ្ញា ចរាចរ ដែលជាអំណោយរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អគារស្នាក់នៅ១ខ្នង ដាក់ សម្ភារៈចំនួន១៦០ទូ គ្រែដេក២ជាន់ចំនួន៨០គ្រែ ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អគារស្នាក់នៅ១ខ្នង ទូដាក់សម្ភារៈចំនួន១៦០ទូ គ្រែដេក២ជាន់ចំនួន៥០គ្រែ ដែលជា អំណោយរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង តារាងបាល់ទាត់ សួនច្បារ សួនរុក្ខជាតិ រុក្ខវិថី ឡដុតសំរាមព្រមទាំងសម្ភារៈគាំទ្រមួយចំនួនទៀត ដែលជាអំណោយរបស់សប្បុរសជននានា។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ផងដែរ។
បន្ថែមលើសមិទ្ធផលដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានសម្រេចជួយឧបត្ថម្ភអគារសិក្សា១ខ្នង និងបំពាក់សម្ភារៈ ក្នុងតម្លៃទឹក ប្រាក់ជាង ២៣ម៉ឺនដុល្លារ ដល់សាលានគរបាលជាតិភូមិភាគ២។
ជាកិច្ចចាប់ផ្តើមនៃពិធីបិទវគ្គនេះ លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលា បានថ្លែងសុន្ទរកថា ស្វាគមន៍និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្តុះបណ្តាល ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានារបស់សាលានគរបាលជាតិភូមិភាគ២។
ថ្លែងក្នុងពិធីនេះ សម្ដេចក្រឡាហោបបានលើកឡើងថា ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិគឺ ជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់ លើផ្នែកទ្រឹស្ដី បទពិសោធ ជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការរួមចំណែករក្សាឱ្យបានរឹងមាំនូវខឿន សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់ វិស័យ ព្រមទាំងផ្តល់សេវាសាធារណៈបានល្អ ក្នុងការបម្រើប្រជាពលរដ្ឋ។ ទន្ទឹមនេះដែរ សម្ដេចក្រឡាហោមបានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័ស
គួរឱ្យកត់សម្គាល់របស់បណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិភូមិភាគ២ និងសាលានគរបាល ភូមិភាគផ្សេងៗទៀតក្នុងពេលជាមួយគ្នា ដោយសារតែគំនិតដឹកនាំនិងច្នៃប្រឌិតខ្ពស់របស់ថ្នាក់ដឹកនាំបណ្ឌិត្យ សភា។ ការវិវឌ្ឍរីកចម្រើននេះ បានឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាលនគរបាលជាតិ ក្នុងយុគសម័យ នៃសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាស់វៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងពេលនោះដែរ សម្តេចក្រឡាហោមក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបាន ចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាល់កម្ពុជានិងសាលានគរបាល ជាតិភូមិភាគនានា។ ជាចុងក្រោយ សម្ដេចក្រឡារហាមបានថ្លែងកោតសរសើរដល់ក្មួយៗជាសិស្សនគរបាល ជ័យលាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើដល់សិស្សនគរបាលជ័យ លាភីទាំងអស់ ឱ្យយកចំណេះដឹងនិងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ។ នៅទីបញ្ចប់ សម្តេចក្រឡាហោមបានផ្ដល់កិត្តិយសប្រគល់វិញ្ញាបនបត្រសិក្សាដល់តំណាងសិស្ស នគរបាលជ័យលាភីចំនួន១០រូប និងលិខិតថ្លែងអំណរគុណដល់សប្បុរសជនចំនួន៨រូប ផងដែរ៕


