ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​មន្ទីរ​ព័ត៌មាន ខេត្តកំពង់ចាម ​អញ្ជើញ​កាន់បិណ្ឌ ១០ នៅ​វត្ត​ពាមប្រធ្នោះ ស្រុក​កោះសូទិន

អត្ថបទ៖ ចិន សារ៉ាត

ស្របពេល​ទៅនឹង ប្រជា​ពុទ្ធបរិស័ទ នៅ​ទូទាំងប្រទេស​កម្ពុជា បាន​នឹង​កំពុង​អបអរសាទរ ជាមួយ​ពិធីបុណ្យ​កាន់បិណ្ឌ ឬ​ភ្ជុំបិណ្ឌ យ៉ាង​សប្បាយរីករាយ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០ នេះ លោកស្រី សម ផល្លា ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្តកំពង់ចាម បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ រួមជាមួយ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ អញ្ជើញ​កាន់បិណ្ឌ ១០ នៅ​វត្ត​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។​

នាឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ​ទី ១០ នៅក្នុង​អារាម​ខាងលើ​នោះដែរ លោកស្រី​ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្តកំពង់ចាម រួម​ជាមួយនឹង​មន្ត្រីក្រោមឱវាទ បាន​នាំនូវ​ទេយ្យវត្ថុ និង​សម្ភារៈ​បរិក្ខា ជា​គ្រឿងឧបភោគ បរិភោគ និង​បច្ច័យ​សម្រាប់​ព្រះសង្ឃ​ចំនួន ២៥​ម៉ឺន​រៀល និង​បច្ច័យ​កសាង​ចំនួន ៣៥​ម៉ឺន​រៀល ។ ដោយឡែក យាយជី តាជី ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ ថវិកា ២១​ម៉ឺន​រៀល ផងដែរ ។​

គួរកត់សម្គាល់​ដែរ​ថា ពិធីបុណ្យ​កាន់បិណ្ឌ ឬ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២០ នេះ បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ ១​រោច ដល់​ថ្ងៃ ១៤​រោច ខែភទ្របទ ត្រូវ​នឹង​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​១៧ ខែកញ្ញា ហើយ​គ្រប់​វត្ត​អារាម នៅ​ទូទាំង ខេត្តកំពង់ចាម បាន​នឹង​កំពុង​រៀបចំ​ពិធីបុណ្យ​សាសនា​មួយ​នេះ យ៉ាង​អធិកអធម បំផុត ។​

គួររំលឹកថា បុណ្យកាន់បិណ្ឌ ឬ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​មួយ ធំជាងគេ នៅក្នុង​ចំណោម ពិធីបុណ្យ​ទាំងអស់ របស់​អ្នក​កាន់​ព្រះពុទ្ធសាសនា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ជា​រៀងរាល់ឆ្នាំ នៅពេល​ដល់​ថ្ងៃ ខែ ដែល​ត្រូវ​ប្រារព្ធ ពិធីបុណ្យ​មួយ​នេះ គេ​សង្កេតឃើញ​បងប្អូន​កូនចៅ ក្រុមគ្រួសារ ឬ​សណ្ដាន​ទាំងអស់ ទោះ​នៅ​ទីជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើដំណើរ​ទៅ​ជួបជុំគ្នា ជាពិសេស ការ​មកជួបជុំ​ជាមួយ​ឪពុកម្ដាយ នៅ​ស្រុកកំណើត ដើម្បី រៀបចំ​ម្ហូបអាហារ មាន​បាយ សម្ល បង្អែម ជាដើម យកទៅ​ប្រគេន​ព្រះសង្ឃ ដែល​គង់​នៅតាម​វត្ត​អារាម​នានា ដើម្បី ឧទ្ទិស​កុសល ជូនទៅ​ដល់​ឌួង​វិញ្ញាណ​ក្ខ័​ន្ធ​បុព្វការី​ជន មាន ៖ មា​តិ បិតា ជីដូន​ជីតា ញ្ញាតិ​កា​ទាំង ៧​សណ្ដាន ដែល​បាន​ចែក​ឋាន ទៅកាន់​លោក​ខាងមុខ ។​

នាឱកាស​នោះដែរ ព្រះចៅអធិការ​វត្ត​ពាមប្រធ្នោះ ក៏បាន​ថ្លែងអំណរគុណ ចំពោះ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​មន្ទីរ​ព័ត៌មាន​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា ចូលរួម​ពិធី​កាន់បិណ្ឌ នៅ​វត្ត​របស់​ព្រះអង្គ នាឱកាស​នេះ ។ ដូច្នេះ តាមរយៈ ទឹកចិត្ត​ដោយ​សទ្ធា​ជ្រះថ្លា​នេះដែរ ព្រះគ្រូ​ចៅអធិការ ក៏បាន​ឧទ្ទិស​កុសល ជូន​ឌួង​វិញ្ញាណ​ក្ខ័​ន្ធ បុ​បព្វ​ការី​ជន មាន មាតា បិតា របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​មន្ទីរ​ព័ត៌មាន ទាំងអស់ សូម​ឲ្យ​បាន​សោយសុខ ទៅកាន់​ឋាន​សុគតិភព និង​ឲ្យ​ពរ​សព្វ​សាធុការ ដល់​កូនចៅ សូម​ប្រកប​តែ​សេចក្ដីសុខ សេចក្ដីចំរើន និង​ជោគជ័យ គ្រប់​ភារកិច្ច​ការងារ ផងដែរ។