អំណោយ​អគារសិក្សា ១​ខ្នង របស់​ឯកឧត្តម ខៀវ កញា​រី​ទ្ធ និង​លោកជំទាវ សាលាបឋមសិក្សា ប៉ាក់ណាម ស្រុក​កោះសូទិន សម្រេច​ការងារ​សាងសង់​បាន​ប្រមាណ​ជា ៤៥% ហើយ

អត្ថបទដោយ៖ ចិន​ សា​រ៉ា​ត​

កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩ ឯកឧត្តម ជា ក្រូច រួមជាមួយ​ឯកឧត្តម ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន​មួយចំនួន តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ទៅពិនិត្យ​សំណង់​អាគារ​សិក្សា​ថ្មី ១​ខ្នង ស្ថិតនៅ​សាលាបឋមសិក្សា​ប៉ាក់ណាម ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។​

គួរ​រំលឹក​ដែរ​ថា អគារសិក្សា ចំនួន ១​ខ្នង ជា​អំណោយ របស់​ឧបាសក ខៀវ ថន និង​ឧបាសិកា ឡោ លាង​ហ៊​ន់ ត្រូវជា​ឪពុក និង​ម្ដាយបង្កើត របស់​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​កសាងឡើង តាំងពី​ឆ្នាំ​១៩៩៥ ម្ល៉េះ ។ បច្ចុប្បន្ននេះ ដោយសារតែ​អគារ​នោះ មាន​អាយុកាល​ជាង ២០​ឆ្នាំ និង​មាន​សភាព​ចាស់​ទ្រុឌទ្រោម ជាពិសេស ដើម្បី រក្សា​នូវ​កេរ្តិ៍តំណែល របស់​មាតា បិតា តាំងពី​អតីត​កាលនោះ ទើប​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកជំទាវ សម្រេច​កសាង​អគារសិក្សា​ថ្មី ១​ខ្នង នេះ​ឡើង នៅលើ​ទីតាំង​អគារ​ចាស់​នោះ ។​

​ឯកឧត្ដម ជា ក្រូច មានប្រសាសន៍ថា ការកសាង​អគារសិក្សា​នេះ​ឡើង គឺ​បាន​ឆ្លើយតប​ទៅនឹង​សំណូមពរ របស់​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នក​គ្រួ មាតា បិតា ឬ​អាណាព្យាបាល​សិស្ស ក៏ដូចជា​ការជួយ​សម្រួល​ទៅដល់​ក្មួយៗ​សិស្សានុសិស្ស មាន​កន្លែង​សិក្សា​រៀនសូត្រ បាន​សមរម្យ ។ មួយផ្នែក​ទៀត គឺជា​ចូលរួមចំណែក​លើកកម្ពស់​វិស័យ​អប់រំ នៅក្នុង​មូលដ្ឋាន ជាពិសេស វិស័យ​អប់រំ​នៅក្នុង​ស្រុក​កោះសូទិន និ​យា​យាយ​រួម និង​ដោយឡែក នៅ​ទូទាំង​ខេត្តកំពង់ចាម កាន់តែ​រីកចំរើន ស្របទៅតាម​កម្មវិធី​ន​យោ​យ​បាល និង​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

​គូស​បញ្ជាក់ដែរថា អគារសិក្សា នេះ មាន ០៣​បន្ទប់ បានចាប់ផ្ដើម​ដំណើរការ​សាងសង់ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។ រហូតដល់​ពេលនេះ អគារ​ខាងលើ សម្រេច​ការងារ​សាងសង់​បាន​ប្រមាណ​ជា ៤៥% ហើយ ៕