ប្រកា​សលោក ថៃ ពិសិដ្ឋ ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​មុខងារសាធារណៈ​ខេត្តកំពង់ចាម ដោយ​លោក ម៉ម ភឿ​ក ទទួល​ភារកិច្ច​ថ្មី

អត្ថបទ៖ នួន សត្យា

លោក ថៃ ពិសិដ្ឋ ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​មុខងារសាធារណៈ​ខេត្តកំពង់ចាម ដោយ​ផ្ទេរ​លោក​ម៉ម ភឿ​ក ទទួល​ភារកិច្ច​ថ្មី ។

​ពិធី​ប្រកាស​ចូលកាន់​តំណែង​នេះ​បាន​ប្រព្រឹត្តទៅ​នា​ព្រឹក​ថ្ងៃទី ២០ ខែវិច្ឆិកា​ឆ្នាំ ២០២០ នៅ​សាលាខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ឯកឧត្តម ព្រុំ សុខា និង​អភិបាល​ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា ព្រមទាំង​មន្ត្រីរាជការ ប្រតិភូ​អមដំណើរ​ជាច្រើនរូប​ទៀត ។

​ស្ថិតក្នុង​ឱកាស​នោះ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា ប្រធាន​មន្ទីរ​មុខងារសាធារណៈ ដែល​ទើបនឹង​ឡើងកាន់តំណែង ត្រូវខិតខំ​បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវៈ ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ក្នុង​ស្មារតី​ទទួលខុសត្រូវ ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង និង​ថ្នាក់ដឹកនាំ​ខេត្ត លើ​វិស័យ​របស់ខ្លួន ។ ម្យ៉ាងទៀត​លោក​ប្រធាន​មន្ទីរ ត្រូវខិតខំ​យកចិត្តទុកដាក់​លើ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ដែលជា​កត្តា​សំខាន់​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច ឲ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​មានការ​បែងចែក​ភារកិច្ច​ដល់​មន្ត្រី​របស់​ខ្លួន និង​ត្រូវមាន​ផែនការ​ច្បាស់លាស់ មាន​របប​ប្រជុំ មាន​របប​រាយការណ៍ និង​សុំ​យោបល់​ថ្នាក់ដឹកនាំ នៅពេល​មាន​បញ្ហា​ដែល​ត្រូវ​នាំគ្នា​ដោះស្រាយ ។

​ ឯកឧត្តម ​អភិបាលខេត្ត​ក៏បាន​ផ្ដាំផ្ញើ​ផងដែរ​ថា សូមឱ្យ​លោក​ប្រធាន​មន្ទីរ​ថ្មី បន្ត​និរន្តរភាព​ការងារ នឹងត្រូវ​រក្សា​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ ត្រូវមាន​របៀបរបប​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ តាម​នីតិវិធី និង​សេចក្តីណែនាំ​ផ្សេងៗ ។ ត្រូវការពារ​ផលប្រយោជន៍​មន្ត្រីរាជការ​ស៊ីវិល ដោយ​ផ្អែកលើ​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល ឬ​លិខិតបទដ្ឋាន​គតិ​យុទ្ធ​ជា​ធរមាន ។​ត្រូវមាន​ការសហការ​ល្អ​ជាមួយ​អង្គភាព​មន្ទី​រ​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ត្រូវ​មានគំនិត​ផ្ដួចផ្ដើម​សិក្សា​ស្រាវជ្រាវ ស្វែងយល់​អំពី​ច្បាប់ និង​លិខិតបទដ្ឋាន​ផ្សេងៗ​បន្ថែមទៀត ហើយ​ត្រូវ​យកចិត្តទុកដាក់​កែលម្អ​សោភ័ណភាព អានា​ម័​យ​បរិស្ថាន​ក្នុង​និង​ខាងក្រៅ​បរិវេណ​អង្គភាព ។

​ក្នុងឱកាស​នោះដែរ​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ឯកឧត្តម ព្រុំ សុខា ក៏បាន​ថ្លែង​ណែនាំ​ដល់​លោក​ប្រធាន​មន្ទីរ​ថ្មី ឲ្យ​ខិតខំ​រៀនសូត្រ​ស្គាល់​អំពី​បុគ្គលិក​ក្នុង​អង្គភាព​របស់ខ្លួន ដើម្បី​មាន​យុទ្ធសាស្ត្រ​ក្នុងការ​ដឹកនាំ​អង្គភាព​ឲ្យ​បានល្អ ពោលគឺ​អនុវត្តតាម​ពាក្យចាស់​បុរាណ​ដែលថា (​វាច​យក​ធ្វើ​កង់ ត្រង់​ធ្វើ​កាំ​) ។​

​ជាមួយគ្នា​នោះដែរ​ ឯកឧត្តម ​រដ្ឋមន្ត្រី ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​លោក​ប្រធាន​មន្ទីរ ដែល​ទើបនឹង​ឡើងកាន់តំណែង សូម​ធ្វើការ​សហការ​អោយបាន​ល្អ ជាមួយនឹង​ថ្នាក់ដឹកនាំ​ខេត្ត​ក៏ដូចជា​បណ្ដាល​អង្គភាព មន្ទីរ​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដើម្បី​សម្រេច​លទ្ធផល​ល្អ ក្នុង​ភារកិច្ច​របស់ខ្លួន ។​