ដោយ៖ ធឹម សារ៉ន

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ការថែទាំសុខភាពបឋម មានសារៈសំខាន់ក្នុងការដោះស្រាយមូលហេតុចំបង និងហានិភ័យសម្រាប់សុខុមាលភាពប្រជាជន ព្រមទាំងការកាត់បន្ថយការចំណាយទៅលើសេវាសុខភាព ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំតម្រង់ទិសដល់ក្រុមការងារការអនុវត្ត ក្របខណ្ឌអនុវត្តការជំរុញបង្កើន ការងារថែទាំសុខភាពបឋម នារសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា នៅថ្ងៃទី ២១ ខែកញ្ញា ២០២៣ ក្រសួងសុខាភិបាល បានផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម បន្ថែមពីលើនេះទៀត ក្រសួងសុខាភិបាលបានចេញលិខិតលេខ ០០៨១ ស.អ.ប.ស ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ ជូនដំណឹងដល់រដ្ឋបាលរាជធានី ខេត្ត ស្តីពីការពង្រឹងប្រតិបត្តិ ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម និងស្នើសុំការគាំទ្រដល់ការអនុវត្ត និងពិចារណាដាក់សកម្មភាពអាទិភាពចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុង ខ័ណ្ឌ ឃុំ សង្កាត់ ដើម្បីលើកកម្ពស់សុខមាលភាពប្រជាជនឱ្យកាន់តែប្រសើរឡើង។
នៅក្នុងដំណាក់កាលដំបូងនៃការអនុវត្ត ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម ក្រសួងសុខាភិបាល បានសម្រេចជ្រើសរើសយកខេត្តចំនួនពីរគឺ ខេត្តកំពង់ចាម និងខេត្តសៀមរាប ដោយសារខេត្តទាំងពីរនេះ មានសក្តានុពល ដើម្បីធ្វើឲ្យការអនុវត្តទទួលបានជោគជ័យ។
ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះ អំពាវនាវដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ដៃគូរអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងសហគមន៍ ត្រូវរួមគ្នាចូលរួមអនុវត្ត ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម នេះឲ្យទទួលបានជោគជ័យ ៕


