ដោយ៖ លី ស៊ីយ៉ា
(កំពង់ចាម) លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម និងលោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិសាខា ដឹកនាំសមាជិកា សមាគមនារីខេត្ត អញ្ជើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទួលកែវប្រាសាទ ស្ថិតនៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ។
នាឱកាសនោះដែរ លោក ជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បាននាំយកនូវទៀនចំណាំវស្សា ទេយ្យទាន និងបច្ច័យ វេរប្រគេនដល់ព្រះសង្ឃ ដើម្បី ចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃគង់ក្នុងវត្ត ទុកជាប្រទីបបំភ្លឺ សម្រាប់រៀនសូត្រធម៌ វិន័យផ្សេងៗ នារដូវកាលចូលកាន់ព្រះវស្សាអស់កាលត្រីមាស ដែលក្នុងនោះរួមមាន៖ ទៀនវស្សា ១គូ ,មី ៧កេស, ទឹកដោះគោខាប់ ១កេសធំ, អង្គរ ៥០គីឡូក្រាម, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, ត្រីខ ២យួរ, ទឹកសុទ្ធ ១៥កេស, ទឹកក្រូច ២កេស, សាប៊ូ ១កេសធំ, សម្ភារៈ ២ឃីត, បច្ច័យកសាង ២លានរៀល ឧបត្ថម្ភ យាយជី-តាជី ចំនួន៤០នាក់ ក្នុងម្នាក់ទទួលបាន ២ម៉ឺនរៀល, ជូនលោកអាចារ្យ ៥ម៉ឺនរៀល និងឧបត្ថម្ភប្រជាការពារ ចំនួន២៤នាក់ ក្នុងម្នាក់ទទួលបានថវិកា ២ម៉ឺនរៀល ។
ឆ្លៀតក្នុងឪកាសនោះដែរក្នុងនាមព្រះចៅអធិការ វត្តទួលកែវប្រាសាទ ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ និងសហការីព្រមទាំងក្រុមគ្រួសារ ក៏ដូចជា លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងពុទ្ធបរិស័ទ្ធទាំងអស់ សូមសមប្រកបតែសេចក្ដីសុខចំរើន និងជួបប្រទះនូវពុទ្ធពរទាំង បួនប្រការ គឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
គួរកត់សម្គាល់ដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយមានសារៈសំខាន់ នៅក្នុងព្រះពុទ្ធសាសនា ដែលជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ ។ អ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យនេះ ដោយនាំយកជាសាដក់ អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃ តាមលទ្ធភាព ។ សម្រាប់វត្តអារាមនីមួយៗ នាក្នុងរយៈពេល ៣ខែ ជាពិសេស ក្នុងរដូវធ្លាក់ភ្លៀង គឺមិនអនុញ្ញាតឲ្យព្រះសង្ឃ និមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ ពោលគឺ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជា ឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម តែត្រូវតាំងចិត្តវិលត្រលប់មកវិញ ក្នុងរយៈពេល ៧ថ្ងៃ ។ តាមទំនៀម បុណ្យចូលព្រះវស្សានេះដែរ តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ៕