អត្ថបទដោយ៖ លោកស្រី ពុធ ធាវី និង លោកស្រី ពាង សុមាន

ការចិញ្ចឹមជ្រូកកំពុងតែផ្តល់ឲ្យកសិករនូវប្រាក់ចំណូលច្រើន ខណៈជ្រូករស់ និងសាច់ជ្រូកកំពុងមានទីផ្សារតម្លៃសមរម្យ ដូចច្នេះ មន្ទីរកសិកម្មខេត្តកំពង់ចាម សូមជំរុញឲ្យកសិករ ជ្រើស រើសមុខរបបចិញ្ចឹមជ្រូក ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងដែរ។នេះបើតាមការឲ្យដឹងពីលោក អាន ស៊ិនទ្បុង ប្រធានផ្នែកសុខ ភាពសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត កំពង់ចាម។

លោក អាន ស៊ិនទ្បុង មានប្រសាសន៍ប្រាប់វិទ្យុជាតិ ភ្នំប្រុសភ្នំស្រី ៩២.៥០ នៃមន្ទីរព័ត៌មានខេត្តកំពង់ចាមក្នុងកម្មវិធីសន្ទនាមតិថា ជាក់ស្តែងនៅក្នុងឆ្នាំ២០២០នេះ សាច់ជ្រូកមានតម្លៃខ្ពស់នៅលើទីផ្សារ បើប្រៀបធៀបទីនឹងឆ្នាំ២០១៧-២០១៨កន្លងទៅដែលមានតម្លៃទាប ធ្វើអោយអ្នកចិញ្ចឹមជ្រូកភាគច្រើនមានការបោះបង់មុខរបរនេះ ហើយរហូតមកដល់ពេលនេះមានអ្នកខ្លះមិនទាន់ងាកមកចាប់យកមុខរបរចិញ្ចឹមសត្វជ្រូកនេះវិញទេ ប្រធានផ្នែកសុខភាពសត្វរូបនេះបន្តថា ក្នុងឆ្នាំ២០២០នេះ មន្ទីរកសិកម្មបានចុះពន្យល់ណែនាំបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កុំឲ្យបោះបង់ការចិញ្ចឹមសត្វជ្រូកនិងសត្វមាន់ ទា ជាដើម ដោយសារតែឆ្នាំនេះសាច់សត្វទាំងអស់នោះងាយស្រួលរកទីផ្សារ និងមានតម្លៃខ្ពស់នៅលើទីផ្សារ ហើយជាតម្រូវការរបស់ប្រជាពលរដ្ឋទូទៅក្នុងការជីវិត។

លោក រ័តុ្ន រិទ្ធី ជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកនៅក្នុងស្រុកកំពង់សៀមបានឲ្តដឹងផងដែរថា កន្លងមកលោកក៏ធ្លាប់ទទួលបរាជ័យក្នុងការចិញ្ចឹមជ្រូកនេះផងដែរ ប៉ុន្តែលោកមិនបានបោះបង់ចោលមុខរបរនេះទេ ព្រោះលោកតែងតែសហការណ៍ជាមួយមន្រ្តីជំនាញមន្ទីរកសិកម្ម ក្នុងកាថែទាំសុខភាពសត្វ និងបច្ចេកទេសក្នុងការចិញ្ចឹមពីមន្ទីរកសិកម្ម ទើបគាត់ទទួលបានជោគជ័យរហូតដល់សព្វថ្ងៃនេះ។
លោក អាន ស៊ិនទ្បុង បានបញ្ជាក់ថា ដោយសារតែមានចំណាត់ការរបស់រាជរដ្ឋាភិបាលអោយកាត់បន្ថយការនាំចូលសាច់ជ្រូក មាន់ ទា ពីខាងក្រៅស្រុក ដើម្បីទុកឳកាសឲ្យប្រជាពលរដ្ឋយើងចាប់យកមុខរបរនេះ។

ហើយមន្ទីរកសិកម្មនៅតែបន្តជួយផ្តល់នូវចំណេះជំនាញបច្ចេកទេសក្នុងការចិញ្ចឹមនិងថែទាំសុខភាពសត្វទៅដល់បងប្អូន ដែលមានបំណងចង់ប្រកបមុខរបរចិញ្ចឹមសត្វឲ្យទទួលបានជោគជ័យ ដើម្បីលើកស្ទួយជីវភាពគ្រួសារ នៅក្នុងអំទ្បុងពេលដែលប្រឈមជំងឺកូវិដ-១៩នេះផងដែរ៕