អត្ថបទដោយ៖ លោក ធឹម សារ៉ន
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡាសម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាសាធារណៈចូលរៀនក្នុងដំណាក់កាលទី២ សម្រាប់ថ្នាក់ទី៩ និងទី១២ ក្នុងទ្រង់ទ្រាយតូច ១៥នាក់មួយថ្នាក់ កាលពីខែកញ្ញាកន្លងទៅ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខែធ្នូឆ្នាំនេះ ដូច្នេះសិស្សានុសិស្សថ្នាក់ទី៩ និងទី១២ ត្រូវខិតខំរៀនសូត្រត្រៀមប្រឡងឲ្យជាប់ និងបាននិទ្ទេសល្អ ក្នុងដំណាក់កាលនេះ។
នេះបើតាមលោក ប៉ិ វណ្ណា អនុប្រធានការិយាល័យមធ្យមសិក្សានិងចំណេះទូទៅនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ប្រាប់វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ ក្នុងកម្មវិធីសន្ទនាមតិប្រធានបទ«ការពង្រឹងចំណេះដឹងសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ត្រៀមប្រឡងឌីប្លូមនិងបាក់ឌុបប់» ។
លោកមានប្រសាន៍ថា កន្លងមកសាលារៀនទូទាំងប្រទេសត្រូវបានប្រកាសបិទ ខណៈពេលមានការវាយលុកពីមេរោគកូវីដ-១៩ ទើបមន្ត្រីក្រសួងក្រសួងអប់រំ យុវជន និងកីឡា សម្រេចបង្កើតកម្មវិធីសិក្សា “ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) និង កម្មវិធី App (E-School Cambodia) ដើម្បីជំនួយដល់ការរៀនសូត្ររបស់សិស្សានុសិស្ស។ លោកបន្ថែមថា ក្នុងដំណាក់កាលនេះ សិស្សទាំងអស់ ពិសេសថ្នាក់ទី៩ និងថ្នាក់ទី១២ ត្រូវខិតខំរៀនសូត្រ និងស្វ័យសិក្សានៅផ្ទះ និងកម្មវិធីសិក្សាដែលក្រសួងបានបង្កើតឡើង។
លោក ប៉ិ វណ្ណា បន្តថា ខណៈពេលនេះ ក្រសួងបាបើកឲ្យសិស្សចូលរៀនវិញ នាថ្ងៃទៅ០៧ខែតុលា ឆ្នាំ២០២០នេះ ជាដំណាក់កាលទី២ គឺស្ថិតក្នុងទ្រង់ទ្រាយតូចចំនួន ២០ ទៅ២៥នាក់ ក្នុង ១ថ្នាក់ សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ដោយគោរពតាមវិធានអនាម័យនៃក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីត្រៀមចូលរួមការប្រឡងខាងមុខនេះ។ លោកបានបញ្ជាក់ថា៖ ក្នុងន័យនេះ ក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០ នៅខែធ្នូ ឆ្នាំ ២០២០ ខាងមុខ៕