ទោះក្នុងស្ថានភាពកូវីដ-១៩ ក៏សមត្ថកិច្ចនៅតែរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

អត្ថបទដោយ៖ អឿន ស្រួ

សមត្ថកិច្ចចរាចរណ៍ នៅតែបន្តអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាការស្លាប់ រងរបួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទោះក្នុងស្ថានភាពកូវីដ១៩ កំពុងឆ្លងរាលដាល ពិសេសសម្រួលចរាចរ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខែនាពេលខាងមុខឆាប់ៗនេះ។នេះបើតាមការលើកឡើងរបស់លោកវរសេនីយទោ ខាន់ វាសនា នាយរងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ប្រាប់វិទ្យុជាតិភ្នំប្រុសភ្នំស្រី នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។


លោកវរសេនីយទោ ខាន់ វាសនា មានប្រសាសន៍ថា បច្ចុប្បន្នមន្រ្តីចរាចរផ្លូវគោកបានដាក់គោលដៅត្រួតពិនិត្យទាំង១០ក្រុង ស្រុក ដោយបន្តរឹតបន្តឹងការផាកពិន័យតាមអនុក្រឹត្យថ្មី នៃច្បាប់រចរាចរណ៍ផ្លូវគោក ចំពោះអ្នកមិនគោរពច្បាប់ ដូចជា មិនពាក់មួកសុវត្ថិភាព បំពានភ្លើងសញ្ញា និងអ្នកមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាដើម។ ហើយនៅគ្រប់គោលដៅអនុវត្តទាំងអស់ ក៏មានការអប់រំអំពីជំងឺកូវីដ ១៩ និងមានម៉ាស៊ីនវាស់កម្តៅអ្នកដំណើរផងដែរ ដើម្បីចូលរួមការពារ និងទប់ស្កាតការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍។


លោកបន្តថា ថ្មីៗនេះ ការិយាល័យចរាចរណ៍ផ្លូវគោកបានសហការជាមួយយុវជន កាកបាទក្រហមកម្ពុជាសាខាខេត្ត ដើម្បីផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកតាមគោលដៅសំខាន់ៗក្នុងក្រុងកំពង់ចាម។ ដោយឡែក ក្នុងពិធីបុណ្យចូលឆ្នាំខាងមុខនេះ សមត្ថកិច្ចមិនធ្វើការបាកពិន័យចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ទេ ប៉ុន្តែនឹងជួយសម្រួលតាមភូមិសាស្រ្តសំចខាន់ៗកុំឲ្យកកស្ទះ និងកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។


នៅត្រីមាសទី១ ឆ្នាំ២០២១ ខេត្តកំពង់ចាមមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៤១លើក/៥៥លើកបណ្តាលឲ្យស្លាប់មនុស្សចំនួន ២៥នាក់ របួសចំនួន៤៥នាក់ (ធ្ងន់ ២៧នាក់)។ មូលហេតុនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកត្តាធ្វេសប្រហែស ប្រើល្បឿនលឿន មិនប្រកាន់ស្តាំ និងបើកបរក្នុងស្ថានភាពស្រវឹងជាដើម។ បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរត្រីមាសទី១ ឆ្នាំ២០២១នេះមានការថយចុះ ១៤លើក (៤១លើក/៥៥លើក) ស្មើ ២៥ភាគរយ ការស្លាប់មនុស្សថយចុះ ០២នាក់ (២៥នាក់/២៧នាក់) ស្មើ ៧ភាគរយ របួសមុស្សថយចុះ ៣៨នាក់(៤៥នាក់/៨៣នាក់) ស្មើ ៤៦ភាគរយ៕