មន្ទីរអប់រំខេត្តកំពង់ចាម បានណែនាំ គ្រប់សាលា​រៀនទាំងអស់ ឲ្យ អនុវត្ត​នូវ​ស្តង់ដា​អនាម័យ តាម​គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់​ក្រសួង​សុខាភិបាល

អត្ថបទដោយ៖ លោក ធឹម សារ៉ន

សាលារៀនមួយចំនួននៅខេត្តកំពង់ចាម បានបើកដំណើរការ​ឡើង​​​វិញ​ដំណាក់កាលទី២ ចាប់តាំង ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០​នេះ​ បន្ទាប់ពីបានបិទទ្វារអស់រយៈពេល ៦ខែ។ ការបើកដំណើរ​ការ​​​ឡើង​វិញ​​នេះ សាលាត្រូវអនុវត្តនូវស្តង់ដាអនាម័យ តាម​គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។នេះបើការឲ្យដឹង​ពី​លោក ប៉ិ វណ្ណា អនុវប្រធានការិយាល័យមធ្យមសិក្សា​ចំណេះ​ដឹង​ទូទៅនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពងចាម។

​លោកបានលើកឡើងបែបនេះ ក្នុងឱកាសចូលរួម​នៅក្នុងកម្មវិធី​សន្ទនាមិត​វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០ ក្រោមប្រធានបទ​(ការត្រៀមលក្ខណៈរៀបចំ​គ្រឹះស្ថានសិក្សាតាមគោលការប្រតិបត្តិស្តង់ដារសម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ១៩)។


លោក ប៉ិ វណ្ណា មានប្រសាន៍ថា ការបើកដំណើរការសាលារៀន​ឡើង​វិញនៅក្នុងដំណាក់កាលទី២នេះ កំពុងប្រព្រឹត្តិទៅដោយ​រលូន ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ជាក់ស្តែង មាតា​បិតា អាណាព្យាបាលសិស្ស បានរៀបចំចំណីអាហារឲ្យ​កូនយក​តាម​ខ្លួន ហើយគណៈគ្រប់គ្រងសាលាបានអនុវត្ត​តាមការណែនាំ​របស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល។

លោកបន្តថា ការបើកទ្វារសាលារៀនឡើងវិញនៃគ្រឹះ​ស្ថានសិក្សា​រដ្ឋនាពេលនេះ គឺអនុវត្តពីថ្នាក់មតេយ្យ ថ្នាក់បឋម ថ្នាក់​អនុវិទ្យាល័យ វិទ្យាល័យ មាន ថ្នាក់ទី៩ និងទី១២ ដែលជាថ្នាក់ ត្រៀមប្រលងនៅខែធ្នូ។ ដោយឡែកសម្រាប់ថ្នាក់ទី០៧,០៨,១០,ថ្នាក់ទី១១ មិនទានចូលរៀនបានទេ សិក្សានុស្សិស្ស លោកគ្រូ​អ្នកគ្រូវ ត្រូវរៀន និងបង្រៀនតាមអនឡាយដដែល។

​លោកបានបន្ថែមថា ការបើកដំណើរឡើងវិញនៃគ្រឹះស្ថាន​អប់រំ​នា​ពេលនេះ គឺអាស្រ័យទៅលើការគ្រប់គ្រងការរីករាលដាល​នៃជំងឺ​កូវីដ-១៩ ទទួលបានលទ្ធផលល្អប្រសើរក្នុងនោះផងដែរមន្ទីរអប់រំ យុវជន និងកីឡា កំពុងបន្តសហការជាមួយមន្ទីរសុខាភិបាល ដើម្បី​​​​​ពង្រឹងការអនុវត្តស្តង់ដារ សម្រាប់ដំណើរការ​សាលារៀន​ឡើង​​វិញ​​ក្នុងបរិបទកូវីដ-១៩ ដែលត្រូវអនុវត្តវិធានការ បង្ការ​ទប់​ស្កាត់​ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជៀស​​​វាងឲ្យបាននៃការឆ្លងនៃជំងឺនេះក្នុងរលកទី២ ដើម្បី​សុវត្ថិភាព​​​សាលារៀន និងសហគមន៍៕