ស្នងការរងនគរបាលខេត្តកំពង់ចាម អំពាវនាវឱ្យពលរដ្ឋ ចូលរួម អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារ អាយុជីវិតខ្លួនឯង និងអ្នកដទៃ

អត្ថបទដោយ៖ លោក អឿន ស្រួ

(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងផែនសណ្តាប់​ធ្នាប់ចរាចរណ៍​ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានអំពាវនាវប្រជាពលរដ្ឋ​នៅខេត្ត​កំពង់ចាម ក៏ដូចជាពលរដ្ឋទូទាំងប្រទេស ឱ្យចូលរួមអនុវត្តច្បាប់ស្តីពី ចរាចរណ៍​ផ្លូវគោក​ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយ​ឆន្ទៈ​ភ្ញាក់​រលឹកខ្ពស់សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គម។


ការអំពាវនាវរបស់លោកឧត្តមសេនីយ៍ត្រី សោម រស់ បែបនេះបានធ្វើឡើង​នៅព្រឹក​ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាឱកាសអញ្ជើញចូលរួមជាវាគ្មិនក្នុង​កិច្ចពិភាក្សា​កម្មវិធីសន្ទនាមតិនៃវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម ប្រធានបទ​«ប្រសិទ្ធភាពនៃការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក»។
លោកឧត្តមសេនីយ៍ត្រី មានប្រសាសន៍ថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាក្ដីព្រួយបារម្ភ ដោយសារចំនួនអ្នកស្លាប់នៅតែមានតួលេខខ្ពស់ ជាពិសេស​ចំនួនអ្នកស្លាប់ជាអ្នកប្រើប្រាស់ទោចក្រយានយន្ត មិនពាក់មួក​សុវត្ថិភាពនៅតែ​មាន​ចំនួនច្រើន ប្រការនេះទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវបន្តពង្រឹង​ស្មារតី​ប្រុងប្រយ័ត្នក្នុងពេលបើកបរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមច្បាប់​ចរាចរណ៍ផ្លូវ​គោកទាំងអស់គ្នា។



បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី ក៏បានក្រើនរំឮកឱ្យអ្នកប្រើប្រាស់​ទោចក្រយានយន្ត​ទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរ មិនថានៅទីជិត ឬឆ្ងាយ ហើយ​ចំពោះ​​អ្នកប្រើប្រាស់រថយន្តគ្រប់ប្រភេទ ត្រូវត្រួតពិនិត្យសុវត្ថិភាព​លក្ខណៈបច្ចេកទេស​យានយន្តមុនពេលចេញដំណើរ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន។លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋ ឬអ្នកប្រើប្រាស់ផ្លូវក៏អាចរាយការណ៍ បើក្នុងករណីមានមន្រ្តី​អនុវត្តច្បាប់មិន​ត្រឹមត្រូវតាមបទបញ្ជា ឬធ្វើការផាកពិន័យផ្ទុយពីអនុក្រឹត្យលេខ៣៩។