ជួបជុំលេងល្បែងស៊ីសងក្នុងបរិបទកូវី -១៩ ត្រូវពិន័យនិងរងទោសទ័ណ្ឌពីរកម្រិត

អត្ថបទដោយ៖ អឿន ស្រួ

អ្នកដែលញៀននឹងល្បែងប្រមូលផ្តុំគ្នាជួបជុំលេងល្បែងស៊ីសង ដូចជាជល់មាន់ជាដើម នឹងរងការពិន័យ និងដាក់ទោសតាបច្បាប់ល្បែងស៊ីសង និងកាន់តែធ្ងន់ធ្ងរនោះ គឺត្រូវទទួលទោសពីបទរារាំងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីគរាលដាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល។ នេះបើតាមប្រសាសន៍របស់លោកវរសេនីយទោ ផាន់ ប៊ុនណា នាយរងការិយាល័យព្រហម្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។


លោកវរសេនីយទោ ផាន់ ប៊ុនណា បានប្រាប់វិទ្យុជាតិភ្នំប្រុសភ្នំស្រីថា៩ខែឆ្នាំ២០២១នេះ បើទោះបីស្ថិតនៅក្នុងបរិបទកូវី១៩ ប៉ុន្តែការប្រមូលផ្តុំគ្នាលួចលាក់ប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់នៅតែមាន។ លោកបានបន្តថា ៩ខែឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានសហការជាមួយសមត្ថកិច្ចមូលដ្ឋានបង្ក្រាបបានបទល្មើសជល់មានចំនួន២៦ ករណី លើ ១០៧ មុខសញ្ញា ថយចុះ១៥ភាគរាយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ហើយទាំង២៦ករណីនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាកាទាំងអស់។


លោកវរសេនីយទោ បានបន្ថែមថា គ្រប់ករណីដែលបង្ក្រាបបាន ទាំងអ្នកលេង និងអ្នកបើកវង់ល្បែង ត្រូវទទួលការពិន័យ និងរងទោសទ័ណ្ឌពីរកម្រិត គឺបទលេងល្បែងស៊ីសងខុសច្បាប់ និងពីបទរារាំងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីគរាលដាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល។ បើតាមច្បាប់ល្បែងស៊ីសងជល់មាន់ អ្នកលេងរងការពិន័យពី ១ម៉ឺនរៀល ដល់៥ម៉ឺនរៀល និងជាប់គុកពី ១សប្តាហ៍ទៅ១ខែ ចំណែកអ្នកបើកសង្វៀនជល់មាន់ រងការពិន័យពី ៥លាន ដល់ ២០លានរៀល និងជាប់គុកពី ១ឆ្នាំ ដល់៥ឆ្នាំ ឯអ្នកកាងជាប់គុកពី ១ឆ្នាំ ដល់៥ឆ្នាំ។


លោកបានបញ្ជាក់ថា គ្រប់ករណីល្បែងជល់មាន់ដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបាន គឺដោយមានការសហការរាយការណ៍ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាននោះផ្ទាល់ និងអ្នកសារព័ត៌មាននានា។ ហើយក៏សូមលោកទឹកចិត្តបន្តទៀត បើដឹងថាកន្លែងណាមានលួចលាក់លេងល្បែងជល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទ មេត្តាជួយរាយការណ៍មកសមត្ថកិច្ច ឬអាចទាក់ទងមកលោក​វរសេនី​យ​ទោផ្ទាល់ តាមរយៈលេខទូរសព្ទ 012635623 ធានារក្សាការសម្ងាត់ជូន៕