ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត១០០% នៅក្នុងឆ្នាំ២០២៥

អត្ថបទដោយ៖ លោក ភ័ណ្ឌ ប៉ាង

នៅឆ្នាំ២០២៥ខាងមុខនេះ ប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទទូទាំងខេត្តកំពង់ចាម នឹងត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់១០០ភាគរយ ។ នេះបើតាមការឲ្យដឹងពីលោក ឡុង សត្ថា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ប្រាប់វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។


លោក ឡុង សត្ថា មានប្រសាសន៍ថាគិតត្រឹមដើមឆ្នាំ២០២១នេះ ប្រជាពលរដ្ឋដែលទទួលបានសេវាទឹកស្អាតប្រើប្រាស់មានចំនួនប្រហែល៨០ភាគរយនៃប្រជាជនសរុបទូទាំងខេត្តកំពង់ចាម។ ដូចនេះផ្នែកទឹកស្អាតយើងនៅខ្វះតែ២០ភាគរយទៀតប៉ុណ្ណោះ ដូច្នេះចំណុចខ្វះខាតនេះមន្ទីរអភិវឌ្ឍន៍ជនបទ និងខាងអាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក និងឃុំ-សង្កាត់ រួមគ្នាធ្វើយ៉ាងណា ក្នុងរយៈពេល ៤ឆ្នាំទៀត គិតចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ គឺគ្រប់ខ្នងផ្ទះប្រជាពលរដ្ឋ មានទឹកស្អាតប្រើប្រាស់ ១០០% តែម្តង ។


លោកក៏បានលើកឡើងថា ចាប់ពីឆ្នាំ២០២០មក ដើម្បីសម្រេចឲ្យបានតាមទិសដៅនៃគោលនយោបាយជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ មន្ទីរអភិវឌ្ឍន៍ជនបទ និងខាងអាជ្ញាធរមូលដ្ឋាន កំពុងអនុវត្តតាមអនុសាសន៍ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម៦ចំណុច ដូចជា៖

  1. មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្រូវបន្តជម្រុញការជួសជុលអណ្តូងស្នប់និងលើកផែនការសម្រាប់សាងសង់អណ្តូងទឹក និងបង្គន់អនាម័យជាប្រចាំ ។
  2. លោកអភិបាលស្រុក និងលោកមេឃុំត្រូវបញ្ចូលការងារទឹកស្អាត និងអនាម័យទៅក្នុងផែនការប្រចាំឆ្នាំរបស់ខ្លួន ចាប់ពីឆ្នាំ ២០២០ទៅ ។
  3. មេឃុំ មេភូមិនីមួយៗ ត្រូវធ្វើបច្ចុប្បន្នភាពអណ្តូងទឹក និងបង្គន់អនាម័យឲ្យបានច្បាស់លាស់ជារៀងរាល់ខែ ។
  4. ត្រូវរួមសហការគ្នាឲ្យបានជាប់ជាប្រចាំរវាងរដ្ឋបាលខេត្ត ស្រុក ឃុំ មន្ទីរជំនាញ និងអង្គការដៃគូរ។
  5. អាជ្ញាធរស្រុក ឃុំ និងមេភូមិត្រូវចុះជំរុញ និងតាមដានជាប្រចាំអំពីការសាងសង់បង្គន់អនាម័យ និងអណ្តូងទឹកនៅតាមភូមិនីមួយៗ ហើយត្រូវរាយការណ៏មកមន្ទីរអភិវឌ្ឍន៏ជនបទជារៀងរាល់ខែ។
  6. ត្រូវបញ្ចូលការងារទឹកស្អាត និងអនាម័យនៅក្នុងរបៀបវារៈប្រជុំប្រចាំខែរបស់រដ្ឋបាលស្រុក និងឃុំ៕