អត្ថបទដោយ៖ អឿន ស្រួ

មន្ទីរសុខាភិបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលណាដែលគឃ្លើនលក់ និងចែកចាយផលិតផលទឹកអាល់កុល ជែលលាងសំអាតដៃ ម៉ាស់គ្មានគុណភាពនៅទូទាំងខេត្តកំពង់ចាម។នេះបើតាមការឲ្យដឹងពីលោកឱសថការី ហ៊ាន វណ្ណារុំ អនុប្រធានការិយាល័យនិយ័តកម្មសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្ត កំពង់ចាម ប្រាប់វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃទី១៧ ខែមិថុនានេះ។
លោកឱសថការី ហ៊ាន វណ្ណារុំ ព្រមានថា ក្នុងករណីដែលមន្រ្តីជំនាញសុខាភិបាលពិនិត្យឃើញថា អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស និង បុគ្គលណាមួយឆ្លៀតឱកាសលក់និងចែកចាយផលិតផលទឹកអាល់កុល ជែលលាងដៃ ឬម៉ាស់គ្មានគុណភាព ក្នុងអំឡុងពេលប្រទេសកម្ពុជា កំពុងជួបប្រទះនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ មន្ទីរសុខាភិបាលខេត្តកំពង់ចាម នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
លោកឱសថការីបានបន្តថា កន្លងទៅជំនាញសុខាភិបាល បានចុះធ្វើប្រតិប្រតិបត្តិការដើរត្រួតពិនិត្យទាំងតម្លៃ និងគុណភាពអាល់កុលលាងសម្អាតដៃ ជែលលាងដៃ និងម៉ាស់ជាដើម ដែលកំពុងចរាចរនិងចែកចាយនៅលើទីផ្សារ និងនៅតាមកន្លែងផ្សេងៗទៀត នៅទូទាំងខេត្តកំពង់ចាម។ ក៏ប៉ុន្តែតាមការចុះត្រួតពិនិត្យកន្លងមកមន្ទីរសុខាភិបាលខេត្តកំពង់ចាម រកមិនឃើញមានអាល់កុលលាងសម្អាដៃ ឬជែល ដែលគ្មានគុណភាពនោះទេ។
លោកឱសថការី ហ៊ាន វណ្ណារុំ ក៏អំពាវនាវ និងសុំឲ្យប្រជាពលរដ្ឋរកទិញទឹកអាល់កុល ជែល ឬម៉ាស់នៅតាមឱសថស្ថានដើម្បីធានាសុវត្ថិភាព គុណភាព និងតម្លៃសមរម្យ កុំទិញតាមការលក់តាមអនឡាញ ឬតាមមធ្យោបាយផ្សេងៗដែលមិនដឹងប្រភពច្បាស់លាស់ ជៀសវៀងការខាតបង់ថវិកា ទៅលើផលិតផលដែលគ្មានគុណភាព ថែមទាំងបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរទៀតផង។ ជាចុងក្រោយលោកសុំឱ្យបងប្អួន រួមសហការគ្នាបន្តទៀត ដើម្បីទប់ស្កាត់ប្រឆាំងទាំងអស់គ្នា ប្រសិនបើជួបករណីសង្ស័យ បងប្អូនអាចឆាតតាមផេកមន្ទីរឬក្រសួងសុខាភិបាលផ្ទាល់ ឬតាមរយៈទូរស័ព្ទលេខ៖ ០១២ ៨០ ៧៧ ៧៦ និង ០៩២ ៨២ ៨៧ ៨៨ ៕ ដោយលោក អឿន ស្រួ