អាជ្ញាធរក្រុងកំពង់ចាម ជំរុញដល់ប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា

អត្ថបទដោយ៖ អឿន ស្រួ

(កំពង់ចាម)៖ អាជ្ញាធរក្រុងកំពង់ចាម នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានធ្វើការអំពាវនាវដល់ប្រជាពរដ្ឋដែលមិនទាន់បានមកទទួលការចាក់វ៉ាក់សាំង រួសរាន់មកចាក់ឲ្យបានគ្រប់ៗគ្នា ទាំងអ្នកមានទីលំនៅអចិន្រៃ្តយ៍ និងអ្នកស្នាក់នៅបណ្តោះអាសន្ន។ នេះជាការលើកឡើងរបស់លោក ហាន លីណា អភិបាលរងក្រុងកំពង់ចាម ប្រាប់វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHz ខេត្តកំពង់ចាម។


លោក ហាន លីណា មានប្រសាសនថា បងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ កម្មករ-កម្មការិនី តាមរោងចក្រ សហគ្រាស និងបងប្អូនដែលស្នាក់នៅបណ្តោះអាសន្ន បើមិនទាន់បានចាក់សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ។ លោកបន្តថា បើផុតរយៈពេល១៤ថ្ងៃដែលបានកំណត់ នោះបងប្អូនរស់នៅក្នុងសង្កាត់ទាំង៤ នឹងមិនអាចទទួបានការចាក់វ៉ាក់សាំងឡើយ។ លោកបន្ថែមទៀតថា ក្នុងក្រុងកំពង់ចាម ការចាក់វ៉ាក់សាំងដូសលើកទី១ នេះបានចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដែលមានរយៈពេល១៤ថ្ងៃ។ បងប្អូនប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំងសូមភ្ជាប់មកជាមួយ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, លិខិតឆ្លងដែន, ឆាយា/សង្ឃដីការ, សំបុត្រកំណើត, សៀវភៅគ្រួសារ, ឬឯកសារបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរ។


លោកអភិបាលរងក្រុងកំពង់ចាម ក៏បានថ្លែងដែរថា តាំងពីចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងក្រុងមក អ្នកស្ម័គ្រចិត្តមកទទួលការចាក់វ៉ាក់សាំងបានជាង៩៥ភាគរយហើយមិនមានប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់ ឬប៉ះពាល់អាយុជីវិតដោយសារចាក់វ៉ាក់សាំងកូវីដ១៩នោះឡើយ។ លោកបានបន្ថែមទៀតថា ក្នុងអំឡុងពេលយុទ្ធនាការដំបូង មានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកមកចាក់វ៉ាក់សាំងនៅតាមកន្លែងដែលអាជ្ញាធរបានកំណត់។


លោកបានបញ្ជាក់ថា ក្នុងអំឡុងពេលយុទ្ធនាការចាក់វ៉ាក់សាំង ប្រជាពលរដ្ឋមានឆន្ទៈខ្ពស់ណាស់ ក្នុងការចង់ចូលរួមចាក់វ៉ាក់សាំង មិនដូចមនុស្សអគិតមួយចំនួនដែលមានបំណងចង់រារាំងដល់ដំណើរការចាក់វ៉ាក់សាំងនោះទេ។ លោក ហាន លីណា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ដែលបានរិះរក និងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យកម្ពុជាអាចទទួលបានវ៉ាក់សាំង ព្រមទាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីការពារជំងឺកូវីដ១៩។ បន្ថែមពីនេះ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានចូលរួមបំពេញកិច្ចការងារចាក់វ៉ាក់សាំងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ មិនខ្លាចនឿយហត់៕