សមត្ថកិច្ចនឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីលុបបំបាត់ល្បែងឆ្នោត

ត្ថបទដោយ៖ លោកស្រី ពុធ ធាវី

ជាញឹកញាប់ប្រពន្ធ័ផ្សព្វផ្សាយនានា បានចុះផ្សាយពីចំណាត់​ការ​របស់អាជ្ញាធរ និងសមកិច្ច ចុះបង្ក្រាបទីតាំងល្បែងកន្ទុយលេខ និង​​ភាពអនាធិប្បតេយ្យពីការចាក់កន្ទុយលេខតាំងពីទីប្រជុំជន និង​នៅជនបទ។ នៅក្នុងខេត្តកំពង់ចាម ល្បែងកន្ទុយលេខ ក៏កំពុង​ពេញនិយមទាំងប្រជាពល រដ្ឋ និងមន្ត្រីមួយចំនួន ដូចជានៅតាម​ផ្សារ​​ក្រុមអាជីវករអាចចាក់ឆ្នោត និងឆែកមើលលទ្ធផលនៃការ ចេញឆ្នោតជាសាធារណៈបានទៀតផង។

លោកវរសេនីយ៍ទោ ផាន់ ប៊ុនណា នាយរងការរិយាល័យ​ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានលើកទ្បើងនៅក្នុងកម្មវីធីសន្ទនាមតិនៃវិទ្យុជាតិភ្នំប្រុសភ្នំស្រីកាលពីថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០២១ថា ល្បែងឆ្នោតកន្ទុយលេខ​ដែល​ពលរដ្ឋកំពុងពេញនិយម មិនបានជួយឲ្យជីវភាព​ប្រជាពលរដ្ឋ​មាន​ជីវភាពធូធារនោះទេ មិនតែប៉ុណ្ណោះល្បែងមួយ​នេះមាន​ផលប៉ះ​ពាល់យ៉ាងខ្លាំងដល់សង្គមក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋ ដូចជាកើតបទល្មើសលួច ឆក់ប្លន់ និងកើតអំពើ​ហឹង្សាក្នុង​គ្រួសារ​ទៀតផង។

លោកបន្តថា ក្នុងឆ្នាំ២០២០កន្លងទៅ សមត្ថកិច្ចបាន​បង្ក្រាបករណី​ល្បែងកន្ទុយលេខបាន ជិត២០០០ករណីទៀតផង។ លោកបានបន្ថែមថា បើសិនជាចង់ឲ្យចំណាត់​ការរបស់សមត្ថកិច្​ចមានប្រសិទ្ធភាព ប្រជាពលរដ្ឋត្រូវតែចូលរួមទាំងអស់គ្នា ហើយការរាយការណ៍គឺត្រូវបានរក្សាការសម្ងាត់ជូន។

លោកវរសេនីយ៍ទោ ផាន់ ប៊ុនណា បញ្ជាក់ថា ឆ្នាំ២០២១នេះ សមត្ថកិច្ច​ជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត សហការ​ជាមួយ​អាជ្ញាធរមូលដ្ឋានក្នុងការលុបបំបាត់ល្បែងឆ្នោត ដោយឲ្យអាជ្ញាធរ​ស្រង់ឈ្មោះអ្នកលក់ឆ្នោតទាំងអស់ ដើម្បីធ្វើការអប់រំណែនាំ​ពី ទោស​ទ័ណ្ឌតាមផ្លូវច្បាប់ ក្នុងករណីមិនរាងចាល និងកសាង​សំណុំ​​រឿងបញ្ជូនទៅតុលាការ​។ហើយបន្តពង្រឹងកំលាំង​អន្តរាគមន៍និងកំលាំងប្រជាការពារក្នុងការតាមដានឃ្លាំមើល គ្រប់សកម្មភាពនានាដែលធ្វើឲ្យប៉ះពាល់ភូមិឃុំមានសុវត្ថភាព ដើម្បីឲ្យស្របតាមគោលនយោបានរបស់រាជរដ្ឋាភិបាល៕