០៦ខែដើមឆ្នាំ២០២១នេះ ជំងឺគ្រុនឈាមកើតមានចំនួន ២២ករណី នៅខេត្តកំពង់ចាម

អត្ថបទដោយ៖ ធឹម សារ៉ន

មន្ត្រីកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមខេត្តកំពង់ចាមបានឱ្យដឹងថា ក្នុងរយៈពេលជិត០៦ខែដើមឆ្នាំ២០២១ នេះមានករណីជំងឺគ្រុនឈាមនៅទូទាំងខេត្តកំពង់ចាមចំនូន២២ ករណី គ្មានអ្នកស្លាប់ និងមានការថយចុះ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ មានករណីគ្រុនឈាមរហូតដល់ជាង២៨០ ករណី និងស្លាប់ម្នាក់។ នេះបើតាមការលើកឡើងរបស់ លោកស្រី ឡុង ផារី មន្រ្តីផ្នែកគ្រុនឈាមនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម ក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃ អង្គារ ទី២៩ ខែ មិថុនា ឆ្នាំ២០២១ ។

លោកស្រី ឡុង ផារី លើកឡើងថា ការធ្លាក់ចុះនៃករណីជំងឺគ្រុនឈាមនេះដោយសារតែមានការអន្តរាគមន៍ពីក្រសួងសុខាភិបាលកាលពីឆ្នាំមុន ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងពីការធ្វើអនាម័យសំអាតបរិស្ថាន មិនចោលនូវកាកសំណល់ផ្តេសផ្តាសដូចជាសំបកកង់ឡានក៏ដូចជាលាងសំអាតពាង ឬអាងទឹកជាដើម។ ជាងនេះទៅទៀតជំងឺកូវីដ-១៩ ក៏ជាកក្តាមួយចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ដោយសារប្រជាពលរដ្ឋចេះធ្វើអនាម័យទាំងខ្លួនប្រាណ ក៏ដូចជាសំអាតលំនៅដ្ឋាន និងបរិស្ថានបានស្អាត។

លោកស្រីបានបន្ថែមថា ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាមនៅក្នុងរដូវវស្សានេះ ក្រសួងសុខាភិបាលបានត្រៀមថ្នាំអាបែត ទូទាំងខេត្តកំពង់ចាម និងបានធ្វើការចែកចាយដល់គ្រប់ការិយាល័យសុខាភិបាលប្រតិបត្តិគ្រប់ស្រុក ក្រុង រួចរាល់ហើយ សម្រាប់ដាក់នៅក្នុងពាង ឬអាងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីសម្លាប់ដង្កូវ ទឹកដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ ក្រៅពីនេះមន្ទីរសុខាភិបាលក៏បានត្រៀមថ្នាំបាញ់សម្លាប់មូស នៅពេលដែលមានការរាតត្បាតជំងឺគ្រុនឈាមផងដែរ។

យ៉ាងណាក៏ដោយ លោកស្រីបានណែនាំដល់ប្រជាពលរដ្ឋបន្តធ្វើអនាម័យសំអាតបរិស្ថានឱ្យបានស្អាតដើម្បីទប់ស្កាត់ជំងឺគ្រុនឈាមខណៈជំងឺនេះអាចនឹងមានការកើនឡើងនៅរដូវវស្សាដូចឆ្នាំមុនៗដែរ៕