ឃុំស្តើងជ័យនឹងស្ថាបនាផ្លូវបេតុង ២៥០ម៉ែត្រជូនប្រជាពលរដ្ឋក្នុងឆ្នាំ២០២១នេះ

អត្ថបទដោយ៖ ភ័ណ្ឌ ប៉ាង

គម្រោងអតិភាពសម្រាប់ឆ្នាំ២០២១ ក្នុងឃុំស្តើងជ័យ ស្រុកជើងព្រៃ នឹងស្ថាបនាផ្លូវបេតុងប្រវែង២៥០ម៉ែត្រ ដើម្បីចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងតែជួបប្រទះ នេះបើតាម លោក ស្បោង យ៉ុង ក្រុមប្រឹក្សាឃុំស្តើងជ័យ ក្នុងវិទ្យុជាតិកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ។

លោក ស្បោង យ៉ុង មានប្រសាសន៍ថា ក្នុង២០២១នេះ ក្រុមប្រឹក្សាឃុំបានធ្វើការប្រឹក្សាយោបល់ជា មួយក្រុមប្រឹក្សាឃុំ និងប្រជុំពីតំរូវរបស់ប្រជាពលរដ្ឋប្រចាំឆ្នាំ២០២១ បានរកឃើញតំរូវការអតិភាពជាងគេ ផ្លូវធ្វើដំណើរ ដែលនឹងចាក់ផ្លូវបេតុងប្រវែង២៥០ម៉ែត្រ ក្នុងភូមិពង្រ គ្រោងចំណាយថវិកា១២០លានរៀល ដោយប្រើប្រាស់កញ្ចាប់ថវិកាមូលិធិឃុំសង្តាត់ឆ្នាំ២០២១នេះ។

លោកបន្ថែមថា មូលហេតុដែលក្រុមប្រឹក្សាឃុំបានអនុម័តជ្រើសរើសយកភូមិពង្រ ធ្វើជាផ្លូវបេតុង ពីព្រោះ ក្នុងទឹកដីឃុំស្តើងជ័យ មាន៧ភូមិ ក្នុងនោះមានភូមិចំនួន៤ភូមិ បានចាក់ក្រាលកៅស៊ូចំនួន ២ខ្សែ ឆ្លងកាត់ចំនួន៤ភូមិ ដូច្នេះ ដើម្បីជួយសម្រួលទៅដល់ប្រជាពលរដ្ឋ ធ្វើដំណើរឲ្យកាន់តែងាយ ស្រួល ក្រុមប្រឹក្សាឃុំ នឹងបន្តធ្វើអភិវឌ្ឍន៍ផ្លូវ បន្ថែមទៀត។

សូមបញ្ជាក់សម្រាប់ផែនការអភិវឌ្ឍនឃុំស្តើងជ័យ ស្រុកជើងព្រៃឆ្នាំ២០២១នេះ មាន៣គម្រោងដែលជាប់ជាគម្រោងអតិភាព មានដូចជា គម្រោងស្ថាបនាផ្លូវបេតុង២៥០ម៉ែត្រ គម្រោងជុសជួលផ្លូវគ្រួសក្រហម ប្រវែង៣៥០០ម៉ែត្រ និងស្តារបឹងធម្មជាតិចំនួន៤កន្លែង។