អត្ថបទដោយ៖ ភ័ណ្ឌ ប៉ាង

បឹងត្រពាំងព្រៃនគរមានប្រវែង២០០ម៉ែត្រ ដែលសព្វថ្ងៃកំពុងមានស្ថានភាពកាន់តែរាក់ទៅៗ ជំនួសមុខឲ្យអាជ្ញាធរឃុំ សូមអំពាវនាវឲ្យសប្បុរសជួយស្តារឡើងវិញ ដើម្បីបំរើងផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋធ្វើស្រែ ចំការឲ្យបានគ្រប់គ្រាន់ នេះបើតាមលោក ម៉ៅ ឡុងហេង ជំទប់ទី១ ឃុំត្រពាំងព្រះ លើកឡើងកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
លោក ម៉ៅ ឡុងហេង មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរស់នៅភូមិចំនួន២ ក្នុងទឹកដីឃុំត្រពាំងព្រះ កំពុងតែខ្វះខាតទឹកបង្កបង្កើនផលស្រូវ ស្រែចំការ ដោយសារ បញ្ហាទឹកបឹងត្រពាំងព្រៃនគរកាន់តែរាក់ទៅៗ ដែលជាញឹកញាប់ធ្វើឲ្យស្រែរបស់ប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំង។ លោកបន្តថា បឹងត្រពាំងព្រៃនគរមានបណ្តោយ ប្រវែង២០០ម៉ែត្រ ទទឹង១០០ម៉ែត្រ ដែលបំរើងប្រយោជន៍ជូនប្រជាពលរដ្ឋបានទៅដល់២៥០ហិតា ប្រើប្រាស់ចំនួន២ភូមិ គឺភូមិទន្លេរស និងភូមិត្រពាំងស្វាយ ដែលបច្ចុប្បន្នអាជ្ញាធរឃុំត្រពាំងព្រះ បានទទួលសំណើរពីប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ចង់ឲ្យស្តារបឹងនេះឡើងវិញ ដើម្បីមានទឹកប្រើប្រាស់គ្រប់គ្រាន់។
លោកបន្ថែមថា គម្រោងស្តារបឹងព្រៃនគរនេះ សម្ថតភាពរបស់អាជ្ញាធរឃុំនៅមានកំរិតនៅឡើយ បើតាមការវាយតំលៃក្នុងការស្តារបឹងនេះឡើង ត្រូវចំណាយថវិកាអស់ប្រមាណជាង៤ទៅ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិច។ ដូចច្នេះ អាជ្ញាធរឃុំត្រពាំងព្រះមានតែសូមអំពាវនាវទៅដល់សប្បុរសជន ស្ថាប័នពាក់ពន្ធជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋមួយនេះផង។ លោកឲ្យដឹងទៀតថា កន្លងមក អាជ្ញាធរឃុំក៏ធ្លាប់ធ្វើសំណើរស្នើរសុំទៅអង្គការកម្ពុជាស្ពានហូឡង់ម្តងដែរ ដើម្បីធ្វើការស្តារបឹងព្រៃនគរនេះម្តងដែរ ប៉ុន្តែមិនទាន់ទទួលការឆ្លើយតបនៅឡើយ៕