អាជ្ញាធរឃុំស្តៅ ស្តារប្រឡាយរាក់ ៨៥០ម៉ែត្រឡើងវិញ ជូនប្រជាពលរដ្ឋ

អត្ថបទដោយ៖ ភ័ណ្ឌ​ ប៉ាង

ប្រជាពលរដ្ឋចំនួនពីរភូមិក្នុងឃុំស្តៅ ស្រុកកងមាស ត្រេកអរ ពេលអាជ្ញាធរឃុំចុះស្តារប្រឡាយទឹកឡើងវិញប្រវែង៨៥០ម៉ែត្រ ដែល កន្លងមក ប្រជាពលរដ្ឋរស់នៅទីនោះ តែងតែខ្វះខាតទឹក ស្រោចស្រប់ដំណាំ នេះបើតាមការឲ្យដឹងពី លោកស្រី យ៉ែម សុផាត គណះកម្មាធិការពីគ្រោះយោលបល់ស្រ្តី និងកុមារ ឃុំស្តៅ កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១នេះ។


លោកស្រី យ៉ែម សុផាត មានប្រសាសន៍ថា គោលនយោបាយអភិវឌ្ឍន៍ឃុំ ឆ្នាំ២០២១ មានអតិភាព ៣គម្រោង ក្នុងនោះមាន គម្រោងស្ថាបនាផ្លូវបេតុង ជុសជួលផ្លូវខូច និងស្តារប្រឡាយ។ លោកស្រីបន្ថែមថា សម្រាប់គម្រោងស្តារប្រឡាយឡើងវិញ មានប្រវែងសរុប៨៥០ម៉ែត្រ ឆ្លងកាត់ចំនួន២ភូមិ គឺភូមិអង្លង់តាគ្គី មានប្រវែង៥០០ម៉ែត្រ និងភូមិល្វាលើ មានប្រវែង៣៥០ម៉ែត្រ។ ចំពោះថវិកាស្តារប្រឡាយឡើងវិញនេះ បានមកពីសប្បុរសជនក្នុងភូមិនីមួយៗបរិច្ចាក ជូនអាជ្ញាធរឃុំ។


លោកស្រីបានបញ្ជាក់បន្ថែមថា ការស្តារប្រឡាយនេះបានចាប់ផ្តើមស្តាររួចរួលតាំងពីខែ កុម្ភះ ឆ្នាំ២០២១ ហើយមូលហេតុដែលស្តារប្រឡាយឡើងវិញ ដោយសារ តែជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋតែងតែខ្វះខាតទឹកប្រើប្រាស់លើការស្រោចស្រប់ផលដំណាំ ស្រូវ របស់ប្រជាពលរដ្ឋ ធ្វើឲ្យផលដំណាំមួយចំនួនស្កក។


លោកស្រី យ៉ែម សុផាត ឲ្យដឹងទៀតថា នៅពេលសព្វថ្ងៃអាជ្ញាធរឃុំបានធ្វើការស្តារប្រឡាយឡើងវិញទៅតាមការសំណូមពររបស់ប្រជាពលរដ្ឋរួចរាល់ហើយ ក៏ប៉ុន្តែ ដោយសារចរន្តទឹកហូរនៅបឹងបេ៦ មានស្ថានភាពខ្សោយទៅៗ ។ ដូច្នេះ លោកស្រីសូមសំណូមពរឲ្យអាជ្ញាធរខេត្ត ឬស្ថាប័នពាក់ព័ន្ធជួយស្តារបឹងបេ៦ឡើងវិញ ដើម្បីឲ្យមានប្រភពទឹកប្រើប្រាស់គ្រប់រដូវកាល៕