ប្រធាន ល.ខ.ប ខេត្តកំពង់ចាម ផ្សព្វផ្សាយនិងជំរុញដល់ពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

អត្ថបទដោយ៖ អឿន ស្រួ

លោក ឈឹម ចាន់ធឿន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម (ល.ខ.ប) បានឱ្យ ដឹងថា ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដែលបច្ចុប្បន្នមានទីតាំងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់។ការលើកឡើងបែបនេះ ក្នុងឱកាស់លោក ឈឹម ចាន់ធឿន ចូលរួមជាវាគ្មិនក្នុងកម្មវិធីសន្ទនាមតិនៃវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រធានបទ«ការផ្សព្វផ្សាយអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១»។


លោកមានប្រសាសន៍ថា ការទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដែលបច្ចុប្បន្នមានទីតាំងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ គឺដើម្បី៖
*ពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ។ ប្រសិនបើមានកំហុសឆ្គង សាមីខ្លួនត្រូវស្នើសុំកែតម្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងត្រូវប្រើក្នុងពេលបោះឆ្នោត។*ចុះឈ្មោះបោះឆ្នោត ចំពោះអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក។


លោក ឈឹម ចាន់ធឿន បានបន្ថែមថា សូមចូលទៅកាន់គេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/taxonomy/term/364(https://www.nec.gov.kh/khmer/taxonomy/term/364) ដើម្បីពិនិត្យមើលតារាងលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រចាំថ្ងៃ។


លោកបានបញ្ជាក់ថា តាមប្រតិទិនការងារ ការបិទការិយាល័យចុះឈ្មោះបោះឆ្នោតដើម្បីក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជុំវាយតម្លៃការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រូវធ្វើនៅថ្ងៃទី២៦ ខែតុលា ថ្ងៃទី១០ ខែវិច្ឆិកា និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍និងថ្ងៃអាទិត្យ៕