មន្ទីរធនធានទឹកស្នើរដល់ប្រជាពលពលរដ្ឋនៅមូលដ្ឋានរក្សាទឹកទុកប្រើប្រាស់នៅរដូវប្រាំង

អត្ថបទដោយ៖ ពុធ ធាវី

មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម ស្នើឲ្យអាជ្ញាធរនិងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រៀមលក្ខណៈស្តុបទឹក និងថែរក្សាទឹក ទុកប្រើប្រាស់ នៅរដូវប្រាំងរីងស្ងួត ដែលធ្វើមានការកង្វះទឹក ប្រើប្រាស់ប្រចាំគ្រួសារ និងទឹកសំរាប់បង្ករបង្កើនផល។លោក ហ៊ុន សារី អនុប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយម ខេត្តកំពង់ចាម បានមានប្រសាសន៍ក្នុងកម្មវីធីសន្ទនាមតិរបស់វិទ្យុជាតិភ្នំប្រុសភ្នំស្រីថាឲ្យតែរដូវប្រាំងឈានមកដល់មន្ទីរធនធានទឹកធ្វើការផ្សព្វផ្សាយ និងពន្យល់អាជ្ញាធរនិងប្រជាពលរដ្ឋ ឲ្យថែរក្សាទឹកទុកប្រើប្រាស់ នៅរដូវប្រាំង ដែលអាចរីងស្ងួតចាប់ពីខែធ្នូរ ហូតដល់ខែឧសភា គឺឲ្យពលរដ្ឋត្រៀមលក្ខណះទុកដូចជាជីកអណ្តូង ស្តារស្រះ ជីកស្រះ រៀបអាង ធុង ពាងរក្សាទឹកទុក ហើយប្រើប្រាស់ សន្សំសំចៃ ទំរាំដល់រដូវរស្សាចូលមកដល់វិញនៅចុងខែមេសា និងចូលដល់ខែឧសភា នឹងមានភ្លៀងធ្លាក់ជាថ្មី។

តែលោកបន្តថា ក្នុងខេត្តកំពង់ចាម មានបឹងនិងព្រែកចំនួន៤៤ដែរ តែដោយសារឆ្នាំ២០២១នេះ ស្ថានភាពទឹកភ្លៀងចុងឆ្នាំនៅតែធ្លាក់ជារឿយៗ បានអំណោយផលល្អសំរាប់ប្អូននៅមូលដ្ឋានអាចមានទឹកគ្រប់គ្រាន់សំរាប់បង្កបង្កើនផលស្រូវប្រាំងទៀតផង។


លោកបន្ថែមថា អាជ្ញាធរមូលដ្ឋានត្រូវធ្វើការផ្សព្វផ្សាយជាប្រចាំធ្វើយ៉ាងណាអោយប្រជាពលរដ្ឋយល់ដឹងក្នុងការចេះត្រៀមលក្ខណះ ស្តុកទឹកទុកប្រើប្រាស់ក្នុងរដូវប្រាំង។ ហើយមន្ទីរធនធានទឹកនឹងត្រៀមជួយបូមបន្ថែមសំរាប់ដាក់ស្រែនៅពេលមូលដ្ឋានណាដែលប្រឈមនឹងខ្វះទឹកនៅរដូវប្រាំងខាងមុខ គឺឲ្យតែនៅក្បែរប្រភពទឹក ដូចជានៅក្បែរទន្លេ បឹងព្រែកជាដើម៕ BY Put theavy