ប្រជាពលរដ្ឋ នៅសង្កាត់សំបួរមាស ទទួលបានផ្លូវ កៅស៊ូ១ខែ្សក្នុងពេលឆាប់ៗនេះ សម្រាប់ធ្វើដំណើរ

អត្ថបទដោយ៖ ធឹម សារ៉ន

ផ្លូវក្រាលកៅស៊ូ DBST ប្រវែង ៦.៥៥០ម៉ែត្រ ទទឹងប្រវែង៧ ម៉ែត្រ ពីភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដល់ភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម និងទទួល ក្នុងពេលឆាប់ៗនេះ សម្រាប់ធ្វើដំណើរ។ នេះបើតាមលោកស្រី ឃាង ស៊ីផាន ចៅសង្កាត់សំបួរមាស។


លោក ស្រី ឃាង ស៊ីផាន លើកឡើងបែបនេះ នៅក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ លើប្រធានបទ (ប្រជាពរដ្នសារទរចំពោះការស្ថាបនាផ្លូវ១ខ្សែរពីផ្លូវដីទៅជាផ្លូវក្រាលកៅស៊ូនៅសង្កាត់សំបួរមាស)។ លោកស្រីបន្តថា ផ្លូវមួយខ្សែ ពីភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដល់ភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម កំពុងប្រែក្លាយពីផ្លូវដីទៅជាផ្លូវកៅស៊ូ DBST ដើម្បីសម្រួលរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ក្នុងការធ្វើដំណើរកាន់តែមានភាពងាយស្រួលជាងមុន ពិសេសបង្កើនជីវភាពគ្រួសារបានមួយកំរិតទៀតផងដែរ។


នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ កន្លងទៅ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញជា ធិបតី បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែង៦.៥៥០ម៉ែត្រនេះ និងសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវកៅស៊ូAC ៤ខ្សែ ដោយឯកឧត្តម បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ការស្ថាបនាមានទុកចំណីផ្លូវ ទៅតាមគំនូសប្លង់របស់មន្ទីរដែនដី នគររូបនីយកម្ម ហេតុដូច្នេះក្នុងការស្ថាបនា សូមបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ ចូលរួមសហការជាមួយនឹងអាជ្ញាធរ និងក្រុមការងារសាងសង់ផ្លូវ ដើម្បីរៀបចំឲ្យមានសណ្ដាប់ធ្នាប់ និងមានសោភ័ណ្ឌភាព នៅក្នុងមូលដ្ឋាន ក៏ដូចជាក្នុងក្រុងកំពង់ចាមរបស់យើង ។


បើតាមប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងទៀតថា ផ្លូវមួយខ្សែនេះ គឺជាផ្លូវខ្សែក្រវ៉ាត់ក្រុង និងជាផ្លូវប្រវត្តិសាស្ត្រដែលបងប្អូនប្រជាពលរដ្ឋចង់បាន ទន្ទឹងរង់ចាំជាយូរមកហើយ។ ដូច្នេះការស្ថាបនាផ្លូវនេះ អាចរួចរាល់ជាស្ថាពរក្នុងរយៈពេលយ៉ាងយូរ ៦ខែប៉ុណ្ណោះ បងប្អូនប្រជាពលរដ្ឋយើងនឹងអាចប្រើប្រាស់ផ្លូវនេះបាន ហើយត្រូវចូលរួមថែរក្សានូវសមិទ្ធផលថ្មីនេះទាំងអស់គ្នា ដើម្បីប្រើប្រាស់បានយូអង្វែង៕ ធឹម សារ៉ន