ពលករទើបបញ្ចប់ធ្វើចត្តាឡីស័កដែល ជួបការលំបាក អាចស្វែងរកសេវាឧបត្ថម្ភពីអង្គការ (ILO)

អត្ថបទដោយ៖ ធឹម សារ៉ន

ដោយសារកន្លងមកមានពលករមួយចំនួន ដែលបានបញ្ចប់ការធ្វើចត្តាឡីស័កប្រឈមនឹងការលំបាកពិបាកស្វែងរកការងារធ្វើ ដោយមានការរើសអើងពីនិយោជក និងពីអ្នកជិតខាងនៅក្នុងសហគមន៍ ទើបអង្គការអន្តរជាតិខាងការងារ ហៅកាត់ថា (ILO) បានបង្កើតការគាំទ្រឲ្យមានការផ្តល់សេវាឧបត្ថម្ភជាច្រើនដល់បងប្អូនពលករដែលចំណូលស្រុក។

នេះបើតាមការឲ្យដឹងពីលោកស្រី ខៀវ សុជាតិ ប្រធានការិយាល័យអធិការកិច្ចនិងវិវាទការងារ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម ឱកាសចូលរួមនៅក្នុងកម្មវិធីសន្ទនាមិតវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ ក្រោម ប្រធានបទៈ« ស្ថានភាពពលករចំណូលស្រុកនៅក្នុងមណ្ឌលចត្តាឡីស័ក »។

លោកស្រីមានប្រសាសន៍ថា មន្ទីរការងារបានខិតខំនៅក្នុងការអនុវត្តការផ្ដល់សេវាជូនបងប្អូនពលករចំណូលស្រុក ដោយកិច្ចការស្នូលសំខាន់ជាងគេ មន្ទីរការងារជាប្រធានទេសសន្តប្រវេសន៍នៃក្រុមការងារ(កខបជ)របស់ខេត្ត គឺក្រុមការងារគ្រប់គ្រងតាមដាននូវស្ថិតិពលករចំណូលស្រុកត្រឡប់មកស្រុកកំណើតពីបណ្ដាប្រទេសនានាជាចំណុចសំខាន់ដែលគ្រប់គ្រងបានទាំង ១០ក្រុង ស្រុកក្នុងខេត្តកំពង់ចាម។ នេះជាការងារសំខាន់ ដែលមន្ទីរការងារខេត្តខំអនុវត្តបន្តទៀត។ មន្ទីរការងាក៏បានសហការជាមួយនឹងអាជ្ញាធរអនុវត្តរបស់គម្រោងអង្គការអន្តរជាតិខាងការងារ(ILO) ជ្រើសរើសពលករមានជីវភាពក្រលំបាកបន្ទាប់ពីបញ្ចប់ធ្វើចត្តាឡីស័កឬក្រោយធ្វើចត្តាឡីស័ក ដែលសមាហរណកម្មចូលទៅក្នុងសហគមន៍វិញ នឹងផ្ដល់សេវាឧបត្ថម្ភស្បៀងអាហារជំនួយបន្ទាន់។

លោកស្រីបន្ថែមថា ការផ្តល់សេវាឧបត្ថម្ភពី(ILO) ព្រោះកន្លងមកពលករដែលបញ្ចប់ការធ្វើចត្តាឡីស័កពិបាកស្វែងរកការងារធ្វើ ដោយមានការរើសអើងពីនិយោជក និងពីអ្នកជិតខាងនៅក្នុងសហគមន៍។ ក្នុងចន្លោះពីសប្ដាហ៍ទៅមួយខែទើបអាចរកស្វែងរកការងារធ្វើបាន នេះជាបញ្ហាប្រឈមដែលក្រុមការងាររកឃើញ ដូច្នេះមន្ទីរការងារនឹងជ្រើសរើសពលករទាំងនោះមកទទួលនូវសេវាគាំទ្រជាស្បៀងអាហារតាមរយៈការឧបត្ថម្ភរបស់អង្គការអន្តរជាតិខាងការងារហៅកាត់ថា(ILO)។

បងប្អូនពលករទើបបញ្ចប់ចត្តឡីស័ក អាចទំនាក់ទំនងមកមន្ទីរការងារស្ថិតនៅភូមិទី០២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ បងប្អូនពលករក៏អាចមកទទួលសេវាប្រឹក្សាយោបល់នានា និងស្វែងរកការជំនួយឧបត្ថម្ភនានាបានផងដែរជាមួយនឹងក្រុមការងារទេសន្តប្រវេសន៍របស់មន្ទីរការងារខេត្តកំពង់ចាម ជាពិសេសមួយទៀត គឺផ្ដល់សេវាដោះស្រាយពាក្យបណ្ដឹងផ្សេងៗជូនបងប្អូនពលករទាំងនៅក្នុងស្រុក និងក្រៅស្រុកផងដែរ។

សូមបញ្ជាក់ថាគិតត្រឹមបំណាច់ខែមិនា ឆ្នាំ ២០២១ មានពលករចំនួនស្រុកចំនួន៥៤២២នាក់ នាក់ក្នុងនោះស្រីចំនួន២២៧០នាក់ អ្នកមកពីបណ្ដាប្រទេសនានាទាំងស្របច្បាប់និងមិនស្របច្បាប់។ ក្នុងនោះគិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ មានពលករសរុបចំនួន៣២៥នាក់ ក្នុងនោះស្រីចំនួន១២៩នាក់ ដែលកំពុងធ្វើចត្តឡីស័កនៅក្នុងមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម៕