មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ជំរុញឲ្យប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់៩០ភាគរយនៅ ឆ្នាំ២០២៣

អត្ថបទដោយ៖ លោកស្រី ពុធ ធាវី

លោកស្រីប៊ុនស្រ៊ីម អនុប្រធានការិយ៉ាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ចាមមានប្រសាសន៍ថា កន្លងទៅមន្ទីរបានសហការជាមួយដៃគូរអភិវឌ្ឍន៍ជួយដល់ពលរដ្ឋនៅមូលដ្ឋានតាមការចូលរួមជាបដិភាគ។ លោកស្រីលើកឡើងបែបនេះ ក្នុងកម្មវីធីសន្ទនាមតិនៅវិទ្យុជាតិភ្នំប្រុសភ្នំស្រី កាលពីថ្ងៃទី១២មិនា២០២១កន្លងទៅ។


លោកស្រីបន្តថា ដោយមានការសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជំរុញឲ្យពលរដ្ឋមានការយល់ដឹងក្នុងការរស់នៅ រហូតដល់ឆ្នាំ២០២០ ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋាន៧៧.១៤ មានបង្គន់អានាម័យប្រើប្រាស់តាមខ្នងផ្ទះ។ លោកស្រីបញ្ជាក់ថា ផែនការរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាមជំរុញឲ្យប្រជាពលរដ្ឋមានបង្គន់អនាម័យ៩០ភាគរយនៅឆ្នាំ២០២៣ខាងមុខ។

បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម 74,14% មានបង្គន់អនាម័យប្រើប្រាស់សមរម្យបើធៀបទៅនិងបណ្តាឆ្នាំមុនៗ។ ដោយទ្បែកគ្រាន់តែនៅក្នុងស្រុកកំពង់សៀមដែលមានឃុំចំនួន១៥ មានពលរដ្ឋរស់នៅជាង៣ម៉ឺនគ្រួសារ មានផ្ទះ២៤២៤៥ខ្នងផ្ទះ មានបង្គន់អនាម័យ៦៧.៧៦% ទៅហើយនេះផ្អែកតាមការលើកទ្បើងពីលោក ឈួន វិបុល អភិបាលរងស្រុកកំពង់សៀម ដែលលោកបានចូលរួមជាវាគ្មិនក្នុងកម្មវិធីសន្ទនាមតិ។


លោកបានលើកទ្បើងថា សព្វថ្ងៃប្រជាពលរដ្ឋភាគច្រើនរស់ក្នុងជីវភាពស៊ីវីល័យ ការប្រើប្រាស់បង្គន់អនាម័យក៍ទំនើបតាមនោះដែរ។ ចំណែកពលរដ្ឋដែលរស់នៅភូមិឆ្ងាយៗទោះជាការសាងសង់បន្គន់មិនទំនើបក៍បងប្អូនខិតខំធ្វើបានប្រើប្រាស់ដែរ ដោយពលរដ្ឋមានការយល់ដឹងពីផលប៉ះពាល់មួយចំនួនមកលើកូនចៅដោយសារគ្មានបង្គន់នៅជិតផ្ទះឬនៅក្នុងផ្ទះ។

លោកបន្តថា កន្លងមកអាជ្ញាធរបានប្រឹងប្រែងជាខ្លាំង ក្នុងការផ្សព្វផ្សាយ ពន្យល់ដល់ពលរដ្ឋឲ្យធ្វើបង្គន់អនាម័យជៀងវាងទៅបត់ជើងពាសវាលពាសកាលនាំអោយមានការឆ្លងមេរោគតាមដីនិងប្រភពទឹក នាំឲ្យខូចបរិស្ថានទៀតផង។ លោកបន្ថែមថា ទិសដៅទៅមុខអាជ្ញាធរស្រុកកំពង់សៀមនឹងជំរុញឲ្យពលរដ្ឋទាំង១៥ឃុំនិង១១១ភូមិ មានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ៕