អត្ថបទដោយ៖ ភ័ណ្ឌ ប៉ាង
អាជ្ញាធរឃុំ ព្រៃកបាក់ និងស្ដារទំនប់ ប្រវែង ១១៥០ ម៉ែត្រ ជូនប្រជាពលរដ្ឋឡើងវិញ ដោយកន្លងមក ប្រជាពលរដ្ឋប្រកបរបរធ្វើស្រែចំការ ខ្វះខាតទឹកប្រើប្រាស់ នេះបើតាមការឲ្យដឹង ពីលោក ហែ ផា ជំទប់ទី១ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ចូលរួមក្នុងកម្មវិធីសន្ទនាមតិ នៃវិទ្យុជាតិភ្នំប្រុសភ្នំស្រី fm92.5 mhz កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១។
លោក ហែ ផា បានមានប្រសាសន៍ថា គម្រោងអាទិភាពក្នុងឆ្នាំ ២០២១ របស់ប្រជាពរដ្ឋ ដែលជាតម្រូវការចាំបាច់ គឺផ្តោទៅលើការស្ដាទំនប់ ប្រវែង ១១៥០ ម៉ែត្រនេះ ទទឹង ៤ ម៉ែត្រ ឆ្លងកាត់ ភូមិព្រែកបាក់ ដោយប្រើប្រាស់កញ្ចប់ថវិកាឃុំ ឆ្នាំ២០២១ ប្រមាណជាង ១០០ លានរៀល។
លោកបានបន្តទៀតថា សម្រាប់គម្រោងស្ដារទំនប់ប្រវែង ១១៥០ ម៉ែត្រនេះ អាជ្ញាធរ មិនទាន់បានដាក់ឲ្យដេញថ្លៃនៅឡើយ ដោយរង់ចាំការវាយតម្លៃពីអាជ្ញាធរស្រុក និងអាជ្ញាធរខេត្ត ទើបចាប់ផ្ដើមស្តារទំនប់។
លោកបានឲ្យដឹងទៀតថា មូលហេតុដែលក្រុមប្រឹក្សាឃុំអនុម័តយកកញ្ចប់ថវិកាឆ្នាំ ២០២១ ស្ដារទំនប់ ឡើងវិញ ដោយសារតែក្នុងចំណោមភូមិនីមួយៗ នៃឃុំព្រែកបាក់ សុទ្ធតែមាន ទំនប់សម្រាប់បង្កបង្កើនផល ដោយឡែកសម្រាប់ភូមិព្រៃកបាក់ មិនទាន់មានទំនប់ទប់ទឹកសម្រាប់ ឱ្យប្រជាកសិករមានទឹកដើម្បីបង្កបង្កើនផល។
សូមបញ្ជាក់ថា កញ្ចប់ថវិកាឆ្នាំ ២០២១ ក្នុងឃុំព្រែកបាក់ ទទួលថវិកា បានប្រមាណជា ២០០លានរៀល ក្នុងនោះអាជ្ញាធរ បានយកថវិកាមួយចំណែក ស្ដាទំនប់ ប្រវែង ១១៥០ ម៉ែត្រ និង ស្ថាបនាផ្លូវបេតុង ប្រវែងជាង ២០០ ម៉ែត្រ ឆ្លងកាត់ ភូមិព្រែកព្រះអង្គ និងភូមិព្រែកបាក់ ដោយចំណាយថវិកាឃុំប្រមាណជា ១០០លានរៀល៕