ម្ចាស់អាជីវកម្មទេសចរណ៍ត្រូវអនុវត្តតាមគោលការណ៍ណែនាំប្រតិបត្តិស្តង់ដា (SOP) ដើម្បីអាចស្នើសុំបើកអាជីវកម្មឡើងវិញបាន

អត្ថបទដោយ៖ ធឹម សារ៉ន

ម្ចាស់អាជីវកម្មទេសចរណ៍ ត្រូវអនុវត្តតាមគោលការណ៍ណែនាំប្រតិបត្តិស្តង់ដា (SOP) (នីតិវិធីអនុវត្តប្រតិបត្តិស្តង់ដាអតិបរមា) ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង និងមន្ទីរ ទេសចរណ៍ ដើម្បីអាចដំណើរការអាជីវកម្មទេសចរណ៍ឡើងវិញនៅពេលខាងមុខនេះ។ នេះបើតាមលោក សុន សុផានិត្យ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកំពង់ចាម នៅក្នុងកម្មវិធីកម្មវិធីសន្ទនាមតិនាថ្ងៃ អង្គារ ទី២៦ខែតុលា ឆ្នាំ២០២១ ពិភាក្សាលើប្រធានបទ៖«ការត្រៀមខ្លួនរបស់ម្ចាស់អាជីវកម្មទេសចរណ៍មុនបើកឲ្យដំណើរការអាជីវកម្មទេសចរណ៍ឡើងវីញ»។


លោកបន្តថា ដើម្បីសម្រេចបានការបើកទទួលភ្ញៀវទេសចរឡើងវិញប្រកបដោយជោគជ័យ គឺត្រូវពឹងលើការត្រៀមខ្លួនរបស់អាជីវកម្មទេសចរណ៍តាមគន្លងថ្មី ការអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ និងការអនុវត្តតាមគោលការណ៍ណែនាំប្រតិបត្តិស្តង់ដា (SOP) ពោលគឺការឱ្យតម្លៃខ្ពស់ទៅលើភាពស្អាត អនាម័យនិងមានសុវត្ថិភាព។


នៅក្នុងបរិបទកូវីដ១៩នេះ ក្រសួងទេសចរណ៍បានគិតគូ ហើយក៏ស្នើឲ្យមន្ទីរគ្រប់ខេត្ត ក្រុង ត្រូវពិនិត្យជាមុននូវកត្តាមួយចំនួនផងដែរ មុននឹងអនុញ្ញាតឲ្យតំបន់មូលដ្ឋានគោលដៅទេសចរណ៍អាចបើកទទួលភ្ញៀវទេសចរឡើងវិញនេះ។ ក្នុងនោះដែរ ត្រូវពិនិត្យមើលពីអត្រានៃការចាក់វ៉ាក់សាំង អត្រានៃការរាលដាលជំងឺកូវីដ១៩ សមត្ថភាពឆ្លើយតបនិងការគ្រប់គ្រងហានិភ័យដែលអាចកើតមានពីវីរុសបំប្លែងថ្មី និងការតៀមខ្លួនប្រតិបត្តិតាមស្តង់ដារសុវត្ថិភាពនៅតាមតំបន់ទេសចរណ៍នៅមូលដ្ឋាន។លោកបានបន្តែមទៀតថា ជាការចូលរួមក្នុងការសម្រួល និងទ្រទ្រង់ដល់ដំណើរការអាជីវកម្មនៅក្នុងឧស្សាហកម្មទេសចរណ៍ក្នុងខេត្តកំពង់ចាម ដើម្បីស្រោចស្រង់សេដ្ឋកិច្ច និងស្ថានភាពទេសចរណ៍ជារួមឡើងវិញ ក្នុងនោះដែរមន្ទីរក៏បានលើកលែងការបង់ពន្ធផងដែរ។

គួរជម្រាបថា ការដើរកម្សាន្តរបស់ភ្ញៀវទេសចរ នៅឆ្នាំ២០២០កន្លងទៅ មានចំនួន​៣៩២,២៣០​នាក់ ថយចុះ៤៣%បើធៀបនឹងឆ្នាំ២០១៩ ដែលមិនទាន់មានជំងឺកូវីដ១៩មានចំនួន​៦៨២,៩៨៤នាក់។ រីឯរយៈពេលត្រឹម៩ខែឆ្នាំ២០២១នេះវិញ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិ សរុបចំនួន១២៧,៣៨៥ នាក់៕