ឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យការរៀបចំតំឡេីងម៉ាស៊ីនផលិតអុកស៊ីសែន នៅមន្ទីរពេទ្យខេត្តកំពង់ចាម

អត្ថបទដោយ៖ លឹម ប៉ៃលិន

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ នាព្រឹក ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ចុះពិនិត្យការរៀបចំតំឡើងម៉ាស៊ីនផលិតអុកស៊ីសែន ដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ជំរុញ ដល់ក្រុម ការងារ បច្ចេកទេស ដែលកំពុងដំឡើងម៉ាស៊ីនផលិតអុកស៊ីសែននេះ ធ្វើយ៉ាងណា ឲ្យ បាន ឆាប់ រួចរាល់ ដើម្បីចាប់ផ្តើមដំណើរការផលិតអុកស៊ីសែនបម្រើឲ្យការព្យាបាលជំងឹកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម។

ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ចាក់ថា បន្ទាប់ ពី តំឡើង ម៉ាស៊ីន នេះ រួច ខេត្តកំពង់ចាម នឹងចាប់ផ្តើមដំណើរការផលិតខ្យល់អុកស៊ីសែន ដោយខ្លួនឯងហើយ គឺលែងទៅទិញ និងដឹកជញ្ជួនពីភ្នំពេញដែលជាមធ្យមក្នុងមួយថ្ងៃប្រមាណ ៣០០ បំពង់នោះបន្តទៀតហើយ។ ព្រោះ ម៉ាស៊ីនសម្រាប់ផលិតអុកស៊ីសែន មួយគ្រឿងនេះ មានសមត្ថភាពផលិតអុកស៊ីសែនបានក្នុងមួយម៉ោងចំនួន ១០បំពង់ ឯណោះ ។

ជាមួយគ្នា នោះ លោក យិន ស៊ី ណាត ប្រធាន ប ន្ទីរ ពេទ្យ ខេត្តកំពង់ចាម បាន ឲ្យ ដឹងថា ថ្មីៗ នេះ មន្ទីរពេទ្យ ខេត្ត បានរៀបចំ ផ្នែក មន្ទីរពិសោធន៍ មួយ ដើម្បី ពិនិត្យ សំណាក វិភាគ មេរោគ កូ វីដ- ១៩ ដោយ ប្រើប្រាស់ ម៉ាស៊ីន កម្រិត មធ្យម អាច ពិនិត្យ បាន មួយថ្ងៃ ចំនួន ១០០ ករណី ។ ហើយ បច្ចុប្បន្ន កំពុងធ្វើការ សាកល្បង ដែលការ លទ្ធផល ទាំងអស់ ត្រូវបាន យកទៅ ផ្ទៀងផ្ទាត់ នៅ វិទ្យាស្ថាន ប៉ាស្ទ័រ និង វិទ្យាស្ថាន សុខភាព សាធារណៈ មួយរយៈ សិន រហូត មាន លទ្ធផល ដូចគ្នា ទើប មន្ទីរពិសោធន៍ ខេត្តកំពង់ចាម នឹងមាន លទ្ធភាព ចេញ លទ្ធផល ដោយផ្ទាល់ តែម្ដង អំពី វី រូស ជំងឺ កូ វីដ- ១៩ ៕