ឆ្នាំ២០២១ ឃុំរអាងទទួលបានសមិទ្ធ ផលផ្លូវពីរគម្រោង ប្រវែង១៥០០ ម៉ែត្រ

អត្ថបទដោយ៖ ភ័ណ្ឌ ប៉ាង

ក្នុងឆ្នាំ 2021 ឃុំរអាងទទួលបានគម្រោងអភិវឌ្ឍន៍ពីរគម្រោង ដែលមួយជាផ្លូវប្រភេទបេតុង មានប្រវែង 600ម៉ែត្រ និងគម្រោងមួយទៀតស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែង900ម៉ែត្រ ដែលគម្រោងនេះនឹងលេចរូបរាងក្នុងពេលឆាប់ៗនេះ។ នេះបើតាមការឲ្យដឹង ពីលោក ក្រូច សារុន សមាជិកក្រុមប្រឹក្សាឃុំរអាង ស្រុកកំពង់សៀម ចូលរួមក្នុងវិទ្យុជាតិ ភ្នំប្រុសភ្នំស្រី fm 92.5 កាលពីថ្ងៃទី 5 ខែមេសា ឆ្នាំ 2021 នេះ។

លោក ក្រូច សារុន បានមានប្រសាសន៍ថា គម្រោងអាទិភាពក្នុងឆ្នាំ 2021 ក្រុមប្រឹក្សាឃុំ បានអនុម័តកញ្ចប់ថវិកា ឆ្នាំ 2021 ប្រមាណជា 100 លានរៀល គ្រោងនឹងចាក់ផ្លូវបេតុង ប្រវែង 600 ម៉ែត្រ ក្នុងភូមិរអាងលើ ហើយគម្រោងស្ថាបនាផ្លូវបេតុងនេះ នឹងធ្វើរួចរាល់ក្នុងខែ កក្កដា ឆ្នាំ 2021។ សម្រាប់គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែក្នុងភូមិប្រសំ នឹងស្ថាបនាផ្លូវប្រវែង 900 ម៉ែត្រ ដែលជាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទសហការជាមួយនឹងអាជ្ញាធរខេត្ត ហើយគម្រោងនេះ ក្រុមហ៊ុនកំពុងតែធ្វើការឈូសឆាយជាបណ្តើរៗ។

សមាជិកឃុំរអាង បានបន្តទៀតថា ផ្លូវក្រាលកៅស៊ូ ប្រវែង 900 ម៉ែត្រ និងចាប់ផ្តើមធ្វើពី ច្រកចូលរោងចក្រ រហូតទៅដល់ ព្រលានយន្តហោះចាស់ ក៏ប៉ុន្តែដោយសារតែមានបញ្ហា ខូចគ្រឿងម៉ាស៊ីន ធ្វើឲ្យយឺតយ៉ាវបន្តិចបន្តួច។ យ៉ាងណាក៏ដោយ គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូនេះ នឹងលេចរូបរាងឡើងក្នុងពេលយ៉ាងខ្លីត្រឹមក្រោយចូលឆ្នាំខ្មែររួច។ លោកបានបន្តទៀតថា មូលហេតុដែលក្រុមប្រឹក្សាឃុំ ជ្រើសរើសយកភូមិរអាងលើ ស្ថាបនាផ្លូវបេតុង មុនគេ ដោយសារតែស្ថានភាព ភូមិសាស្រ្ត ក្នុងទឹកដីនេះ រងការវាយប្រហារ ដោយទន្លេមេគង្គ តែងតែធ្វើឲ្យមានកន្លែងខ្លះដាច់ផ្លូវ និងបង្កការលំបាកសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ដូច្នេះដើម្បីដោះស្រាយជាបន្ទាន់ ក្រុមប្រឹក្សាឃុំបានអនុម័តភូមិរអាងលើជាតំបន់អាទិភាព។

សូមបញ្ជាក់ថា កាលពីឆ្នាំ 2020 អាជ្ញាធរបានស្ថាបនាផ្លូវបេតុងមួយខ្សែ មានប្រវែង 800 ម៉ែត្រ ឆ្លងកាត់ចំនួន 2 ភូមិ គឺភូមិរអាងលើ និងឃុំទួលការ ដោយប្រើប្រាស់កញ្ចប់ថវិកាឆ្នាំ 2020 ប្រមាណជាង 100លានរៀល លើការចាក់បេតុងនេះ។ ដោយឡែកជាភ័ព្វសំណាង ភូមិប្រសំ បានមន្ទីរអភិវឌ្ឍន៍ជនបទ សហការជាមួយអាជ្ញាធរខេត្ត បានធ្វើផ្លូវក្រាលកៅស៊ូជាបន្តទៀត ធ្វើឲ្យឃុំរអាង កាន់តែមានភាពរីកចម្រើន ជាបន្តបន្ទាប់៕