សាខាពន្ធដារខេត្តកំពង់ចាម រំលឹកដល់ម្ចាស់មធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទមកបង់ពន្ធផ្លូវឆ្នាំ២០២០ ជៀសវាងរងការពិន័យ

អត្ថបទដោយ៖ លោក អឿន ស្រួ

កំពង់ចាម ៖ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០
ម្ចាស់មធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ អាចមកបង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០២០ ចាប់ពីថ្ងៃទី១មិថុនា រហូតដល់ថ្ងៃ៣០ខែវិច្ឆិកា។ នេះប្រតាមប្រសាសន៍របស់លោក ទេព សុទ្ធារិទ្ធ អនុប្រធានការិយាល័យសេវាអ្នកជាប់ពន្ធនៃសាខាពន្ធដារខេត្តកំពង់ចាម នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។


លោក ទេព សុទ្ធារិទ្ធ បានប្រាប់វិទ្យុជាតិក្នុងកម្មវិធីសន្ទនាមតិថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទនឹងត្រូវបិតបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដូចច្នេះប្រជាពលរដ្ឋជាម្ចាស់ ដែលនូវមិនទាន់បានមកបំពេញកតព្វកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះរបស់ខ្លួនត្រូវប្រញ៉ាប់មកបង់ពន្ធ ជៀសវាងត្រូវរងការពិន័យតាមច្បាប់ស្តីពីពន្ធដារ។


លោកបន្តថា សម្រាប់ការបង់ពន្ធក្នុងឆ្នាំ២០២០នេះ ម្ចាស់យានយន្តគ្រប់ប្រភេទត្រូវដាក់លិខិតប្រកាស និងបង់ពន្ធនៅសាខាពន្ធដារខេត្ត ខណ្ធ ឬនៅធនាគារកាណាធីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពូជាសាធារណៈ ភីអិសស៊ី ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។


លោកបានលើកឡើងទៀតថា ចំពោះក្រសួង ស្ថាប័ន ឬអង្គភាពដែលជាអាណាព្យាបាល ឬជាម្ចាស់កម្មសិទ្ធិយានយន្តដែលត្រូវបានលើកលែងដូចមានចែងក្នុងប្រការទី៦ នៃប្រកាសលេខ ៥៣១ សហវ. ប្រកត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្រប្រកាសបង់ពន្ធ(ពន្ធជាបន្ទុករបស់រដ្ឋ)ដោយភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តរបស់ក្រួង ស្ថាប័ន ឬអង្គភាព ដែលបានស្នើសុំនោះ។


លោក ទេព សុទ្ធារិទ្ធ ក៏បានអះអាងឲ្យដឹងដែរថា ចាប់ពីថ្ងៃទី០១ ខែមករាឆ្នាំ២០២១ អង្គភាពពន្ធដារ សហការជាមួយសមត្ថកិច្ចជំនាញ ដើម្បីចុះត្រួតពិនិត្យ ការប្រកាសបង់ពន្ធ និងផាកពិន័យចំពោះយានយន្តទាំងឡាយណាដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក នឹងត្រូវបង់ប្រាក់ពន្ធនិងបង់ប្រាក់ពិន័យ១០០% នៃប្រាក់ពន្ធដែលត្រូវបង់ តាម់ច្បាប់ស្តីពីសារពើពន្ធជាធរមាន៕