ផ្លូវគ្រួសក្រហខូចប្រវែង ៧៣៤ម៉ែត្រ ក្នុងឃុំរអាង ត្រូវបានអាជ្ញាធរស្ថាបនាជាផ្លូវបេតុងជំនួសវិញ

អត្ថបទដោយ៖ លោក ភ័ណ្ឌ ប៉ាង

ផ្លូវគ្រួសក្រហមដែលរងការខូចខាតខ្លាំងមួយខ្សែស្ថិតនៅក្នុងឃុំរអាងស្រុកកំពង់សៀមប្រវែង ៧៣៤ម៉ែត្រ ត្រូវបានអាជ្ញាធរ​ឃុំ​រអាង​ ស្ថាបនាជាផ្លូវបេតុងជំនួសវិញនៅឆ្នាំ២០២០នេះ ដែល​កន្លង​មក ប្រជាពលរដ្ឋរស់នៅទីនោះតែងតែរអ៊ូរទាំ ថាពិបាកធ្វើដំណើរ និងដឹកកសិផល។ នេះបើតាមការឲ្យដឹងពីលោក អ៊ិន គឹមហួន មេឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ប្រាប់វិទ្យុជាតិភ្នំប្រុស​ភ្នំស្រីខេត្តកំពង់ចាម កាលពីថ្ញៃទី១២ ខែ តុលា ឆ្នាំ២០២០ ។

​លោក អ៊ិន គឹមហួន មានប្រសាសន៍ថា ផែនការអភិវឌ្ឍន៍ឆ្នាំ ២០២០ នេះ អាជ្ញាធរ បានស្ថាបនាផ្លូវបេតុងមួយខ្សែ ប្រវែង ៧៣៤​ម៉ែត្រ ឆ្លងកាត់ចំនួន២ភូមិ ក្នុងនោះមានភូមិរកាទួលរកា និងភូមិ​រអាង​លើ ដោយប្រើប្រាស់កញ្ចប់ថវិកាឃុំ ១៩៩លានរៀល។


លោកបានបញ្ជាក់បន្តថា មូលហេតុដែលអាជ្ញាធរអភិវឌ្ឍន៍​ផ្លូវ​បេតុង​មួយខ្សែនេះ ដោយសាររយះពេលកន្លងមក ភូមិទាំងពីរនេះ ប្រជាពលរដ្ឋធ្វើដំណើរ ឆ្លងកាត់ និងសិក្សានុសិស្សធ្វើ​ដំណើរទៅ​សាលារៀនមានការលំបាក ដូច្នេះ ដើម្បីជួយកាត់បន្ថយ​ការ​លំបាក​​​របស់ប្រជាពលរដ្ឋ អាជ្ញាធរបានអភិវឌ្ឍន៍ផ្លូវបេតុងប្រវែង ៧៣៤ម៉ែត្រ ដោយក្នុងនោះធ្វើនៅក្នុងភូមិទួលកា ប្រវែង ៤៨០ ម៉ែត្រ និងភូមិរអាងលើប្រវែង ២៥៤ម៉ែត្រ។

លោកបន្ថែមថា ផ្លូវបេតុងប្រវែង ៧៣៤ម៉ែត្រ បានធ្វើរួចរាល់ កាល​​ពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ 20២០ មកទល់ពេលនេះ ប្រជាពល​រដ្ឋ​រស់នៅទីនោះ មានការសប្បាយចិត្ត និងអបអរសាទរ ដល់​អាជ្ញាធរ​​គ្រប់ជាន់ថ្នាក់ ដែលជួយដោះស្រាយទុក្ខលំបាកជូន​ប្រជាពលរដ្ឋបានយ៉ាងច្រើន។ចំណែកផែនការអភិវឌ្ឍន៍​ឆ្នាំ​២០២១អាជ្ញាធរឃុំនឹងស្ថាបនាផ្លូវបេតុងក្នុងភូមិរអាងលើជាបន្តទៀត៕