អភិបាលខេត្តកំពង់ចាម ចុះ ពិនិត្យ គម្រោង ស្ថាបនា ពី ផ្លូវ ដី ទៅ ជា ផ្លូវ ក្រាល កៅស៊ូ នៅស្រុកព្រៃឈរ និង ស្រុក ស្ទឹងត្រង់ ដេីម្បី លេីក កម្ពស់ ជីវភាព ពលរដ្ឋ

អត្ថបទដោយ៖ លឹម ប៉ែលិន

កំពង់ចាម : ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព របស់ បងប្អូន ប្រជាពលរដ្ឋ ឲ្យកាន់តែ ប្រសើរឡើង ផងនោះ នាព្រឹក ថ្ងៃ ទី ១២ ខែមករា ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹង អភិបាល រង ខេត្ត អមដំណើរ ដោយ មន្ត្រី ជំនាញ ពាក់ព័ន្ធ និង អជ្ញាធរ មូលដ្ឋាន បានអញ្ជើញ ចុះ ពិនិត្យ គម្រោង ស្ថាបនា កែប្រែ ពី ផ្លូវ ដី ទៅ ជា ផ្លូវ ក្រាល កៅស៊ូ ប្រភេទDBST នៅ ឃុំ ថ្មពូន ស្រុកព្រៃឈរ ដែលមានប្រវែង ប្រមាណ ជា ២៥ គីឡូម៉ែត្រ និងស្រុកស្ទឹងត្រង់ មានប្រវែងជាង២០ គីឡូម៉ែត្រ ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការ អញ្ជើញ ចុះពិនិត្យ គម្រោង កែប្រែ ពី ផ្លូវ ដី ឲ្យ ក្លាយ ទៅ ជា ផ្លូវ ក្រាល កៅស៊ូ ទាំង២ខ្សែខាងលើនេះ គឺជាការឆ្លើយតបទៅតាមតម្រូវការ របស់ បងប្អូន ប្រជាពលរដ្ឋ ដេីម្បី ងាយស្រួល ក្នុង ការ ធ្វើ ដំណើរ ក៏ដូចជា ការ ដឹក ជញ្ជូន កសិផល យក ទៅ លក់ នៅ ទី ផ្សារនានា ដូច្នេះហើយ ក្នុងនាមអាជ្ញាធរ ត្រូវតែ ខិតខំ កៀងគរ ថវិកា លើកគម្រោងឲ្យត្រូវតាមសេចក្តី ត្រូវ ការរបស់ អ្នកប្រើប្រាស់ ដើម្បីបំពេញតាមសេចក្ដីត្រូវការផង និង ប្រយោជន៍ សម្រាប់ប្រើប្រាស់បានយូរអង្វែងផងដែរ ។

លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ និងជនបទខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវទាំង២ខ្សែ នេះ ត្រូវ បាន កែប្រែ ពីផ្លូវ ក្រាល គ្រួស ក្រហម ទៅជាកៅស៊ូប្រភេទ DBST ពីរជាន់ ដែលជាការកែលម្អផ្លូវជនបទជំហាន៣ របស់ធនាគារអភិវឌ្ឍអាស៊ី ហៅកាត់ថា អេឌីបី (ADB) តាមរយៈ ក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុង នោះ រួមមាន ខ្សែទី១ ឆ្លងកាត់ឃុំចំនួន៣ គឺមានឃុំគរ ឃុំថ្មពូន និងឃុំក្រូច ហើយ បន្ត ដល់ ឃុំ តាអុង ស្រុក ចំការលេី ដែល សរុប ប្រមាណ ជា ២៥គីឡូម៉ែត្រ ទទឹងខ្នងលើ៦ម៉ែត្រ ដោយការងារសម្រេចបានចាក់បំពេញដីស បាន១០០% ចាក់បំពេញដីក្រួសក្រហមស្រទាប់គ្រឹះក្រោម បាន៩០% ការងារសាងសង់លូមូលចំនួន២៣កន្លែង បាន ១០០% សាងសង់លូជ្រុងចំនួន១កន្លែង សម្រេចបាន១០% ចាក់បំពេញថ្មមិចគ្រឹះផ្លូវ និង ស្រោចកៅស៊ូចាប់ផ្ដើមពីខែ មិនា ឆ្នាំ២០២១ ខាងមុខនេះ ។


ដោយឡែក ខ្សែទី២ ផ្លូវដីក្រហម-អារក្សត្នោត ឆ្លងកាត់ឃុំចំនួន៣ មានឃុំសូភាស ឃុំដងក្ដារ និងឃុំព្រែកកក់ ស្ថិតនៅក្នុងស្រុកស្ទឹងត្រង់ មានប្រវែងជាង២០គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ ការងារសម្រេចបាន គឺចាក់បំពេញដីសបាន១០០% ចាក់បំពេញដីក្រួសក្រហមស្រទាប់គ្រឹះក្រោមបាន៧០% សាងសង់លូមូលចំនួន៥កន្លែង សម្រេចបាន១០០% ចាក់បំពេញថ្មមិចគ្រឹះផ្លូវ និង ស្រោចកៅស៊ូចាប់ផ្ដើមពីខែ មីនា ឆ្នាំ២០២១ ខាងមុខនេះ ៕