ប្រជាពលរដ្ឋសាទរ! ក្រោយទទួលបានផ្លូវបេតុង១ខ្សែនៅក្នុងភូមិទួសមាសឃុំតាអុង

អត្ថបទដោយ៖ លោក ភ័ណ្ឌ ប៉ាង

ផ្លូវបេតុងប្រវែង៩១៣ម៉ែត្រ ស្ថិតនៅក្នុងភូមិទួសមាសឃុំតាអុង នឹងលេចរូវបរាង្គនៅចុងឆ្នាំ២០២០នេះ ដែលកន្លងមក ប្រជាពលរដ្ឋតែងតែរអ៊ូរទាំថា ផ្លូវមួយខ្សែនេះ ធ្វើឲ្យប្រជាកសិករ សិស្សានុសិស្ស និង លោកតា លោកយាយ ពិបាកធ្វើដំណើរឆ្លងម្តងៗ។ នេះបើតាមការឲ្យដឹងពីជំទប់ទី២ ឃុំតាអុង ស្រុកចំការលើ កាលពីថ្ញៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។


លោក ទី គឹមឆយ ជំទប់ទី២ ឃុំតាអុង ស្រុកចំការលើបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២០នេះ អាជ្ញាធរឃុំតាអុងបានធ្វើការពិភាក្សាស្វែងតំរូវការអាទិភាពជូនប្រជាពលរដ្ឋ ក្រោយពីមានការពិភាក្សាយ៉ាងលំអិត អាជ្ញាធរឃុំគ្រោងនឹងអភិវឌ្ឍន៍ផ្លូវបេតុងមួយខ្សែ មានប្រវែង៩១៣ម៉ែត្រ ទទឹម៤ម៉ែត្រ ហើយរាល់ការចំណាយលើការសាងសង់ផ្លូវបេតុងនេះ គឺប្រើប្រាស់កញ្ចប់ថវិកាឃុំផ្ទាល់ ដោយទំហំទឹកប្រាក់ចំនួន ១៩២លានរៀល។


លោកបន្ថែមថា មូលហេតុដែលក្រុមប្រឹក្សាឃុំតាអុងសម្រេចធ្វើផ្លូវបេតុងក្នុងភូមិទួសមាសនេះ ដោយសារកាលពីឆ្នាំ២០១៩កន្លងទៅ ឃុំបានធ្វើផ្លូវបេតុងមួយខ្សែក្នុងភូមិតាអុង ដែលតភ្ជាប់ពីផ្លូវជាតិ ក្បែរផ្សារតាអុងទៅដល់ចុងភូមិ។ ដោយឡែកសម្រាប់ឆ្នាំ២០២១ខាងមុខនេះ ឃុំតាអុងនឹងអភិវឌ្ឍន៍ផ្លូវបេតុងជាបន្តទៅទៀត គឺកសាងក្នុងភូមិទួលប៉ែន៕