សាលាក្រុងកំពង់ចាម មានផែនការពង្រីកទីតាំងប្រមូលសំរាម និងអំពាវ នាវដល់ប្រជាពលរដ្ឋចូលរួមគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ

អត្ថបទដោយ៖លោកស្រី ពុធ ធាវី និង លោកស្រី ពាង សុមាន

មានប្រសាសន៍បញ្ជាក់នៅក្នុងកម្មវិធី​​សន្ទនាមតិ​​​​​នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ហាន លីណា​អភិបាលរងក្រុង​កំពង់ចាម ថា ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៣ សាលាក្រុង​កំពង់ចាមនឹងពង្រីកទីតាំងសេវាប្រមូលសម្រាមបន្ថែមទៀត នៅតាមភូមិដែលមិនទាន់បានទទួលសេវាប្រមូលសម្រាមពីខាងក្រុមហ៊ុនស៊ិនទ្រី ដូចជាភូមិមួយចំនួនក្នុងស្រុកកំពង់សៀម ដែល​រដ្ឋបាលខេត្តទើបតែកសាងផ្លូវបេតុងថ្មីៗនេះ គឺងាយស្រួល​ដល់​រថយន្តស៊ិនទ្រីចូលទៅប្រមូលសំរាម។


នៅក្នុងកម្មវិធីពិភាក្សាលើប្រធានបទ «ការគ្រប់គ្រងសំរាមនៅ​តាម​ទីសាធារណះនៅក្នុងក្រុងកំពង់ចាម » លោក ឈុំ សារុន ប្រធាន​សាខា​​ក្រុមហ៊ុនស៊ិនទ្រីក៏បានបកស្រាយដែរថា បច្ចុប្បន្ននេះខាង​ក្រុមហ៊ុនស៊ិនទ្រីមានរថយន្តប្រមូលសម្រាមចំនួន៩គ្រឿង ប៉ុន្តែ​មិនអាចដំណើរការបានទាំងអស់នោះទេ ដោយមូលហេតុ រថយន្ត​ឧស្សាហ៍ខូច។

លោកបន្តថា ប្រជាពលរដ្ឋមួយចំនួនតូចមិនសូវទទួល​ខុសត្រូវក្នុង​ការវិចខ្ចប់សំរាមទុកដាក់ឲ្យបានល្អ ដែលធ្វើអោយមានសត្វទៅ​ទាញ​​ហែក អោយរាយប៉ាយតាមផ្លូវ ទាំងអស់នេះហើយដែល​នាំ​អោយមានផលពិបាកដល់អ្នកប្រមូលសម្រាម ជាពិសេសគឺ​សម្រាម​​នៅជុំវិញផ្សារតែម្តង។


លោក ឈុំ សារុន បន្ថែមទៀតថា ក្រុមហ៊ុនក៏មានវិធានការ​ថ្មី​ទៀត​ដែរ ដោយសហការណ៍ជាមួយសាលាក្រុង ចុះណែនាំទៅដល់​អាជីវករក្នុងផ្សារ ឲ្យចេះវិចខ្ចប់ដាក់ថង់ ឬបាវ សំរាប់ឲ្យខាង​ក្រុម​ហ៊ុន​​​ងាយស្រួលប្រមូលដាក់ទ្បាន ដោយមិនចាំបាច់យក​មក​ដាក់​គរនៅលើផ្លូវសាធារណៈដូចមុនទៀតទេ ហើយខាងក្រុមនឹង​បង្កើន​​​​ជើងក្នុងការប្រមូលសម្រាមជាពិសេស នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បិកុំឲ្យសំរាមកករស្ទះ ប៉ះពាល់ដល់បរិស្ថានក្នុងក្រុង​កំពង់ចាម​៕