អាជ្ញាធរខេត្តកំពង់ចាមនិងមន្ត្រីជំនាញ បានចែកប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្រប់ច្បាប់ ចំនួន ៦៤ម៉ឺនប័ណ្ណ ជូនប្រជាពលរដ្ឋ

អត្ថបទដោយ៖ លោក ធឹម សារ៉ន

លោក យូចាន់ ឌី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុវិយោដីខេត្តកំពង់ចាម បានឲ្យដឹងថា អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ បានចែកប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្រប់ច្បាប់ ចំនួន ៦៤ម៉ឺនប័ណ្ណ ជូនប្រជាពលរដ្ឋ ។លោក យូចាន់ ឌី លើកឡើងបែបនេះ នៅក្នុងកម្មវិធីសន្ទនាមិត វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃ អង្គារ ទី0៤ ខែ មករា ឆ្នាំ២០២១ លើប្រធានបទ(ប្រសិទ្ធភាពនៃការផ្តល់សេវា ផ្ទេរកម្មសិទ្ធ ដីធ្លីស្រប់ច្បាប់)។

លោកបន្តថា ខេត្តកំពង់ចាមមានទំហំផ្ទៃដី(៤៥៤៨,០៩ម៉ែត្រការ៉េ ស្រុកក្រុងចំនួន ១០ ឃុំសង្កាត់ ១០៩ ឃុំសង្កាត់ និងមានភូមិ ៩១៦ ភូមិ។ មានមនុស្សសរុបចំនួន១.១១៤.៤៨២ ស្មើ២៦៩.៣៤៩ គ្រួសារ។ ក្នុងនោះនៅ ទូទាំងខេត្តមានក្បាលដីប៉ាន់ស្មានប្រហែល៩២៤៤២១ ក្បាលដី គិតពីឆ្នាំ ២០០៣។ អនុវត្តបាន ១០ ក្រុងស្រុកស្មើនឹង ៧៦ ឃុំសង្កាត់ស្មើនឹង ៦០០ ភូមិ។ ប្រមូល និង វាស់វែងបំពេញបែបបទបាន ៦៥ ម៉ឺនក្បាលដី។ ចែកបានដល់ប្រជាពលរដ្ឋបាន ៦៤ម៉ឺនប័ណ្ណ គិតភាគរយ ស្មើ ៧០%។


ក្រុងស្រុកដែលចុះបញ្ជីរួចជាស្ថាពរមាន ០៤ គឺក្រុងកំពង់ចាម ស្រុកព្រៃឈរ ស្រុកបាធាយ និងជើងព្រៃ។ ក្នុងនោះនៅសល់៣០%ទៀត ហើយអាជ្ញាធរខេត្ត និង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុវិយោដី និងខិតខំធ្វើការដោះស្រាយ និងផ្តល់ជូនប្រជាពរដ្នឲ្យបានលឿនបំផុត។

លោកបានបន្តែមទៀតថា ដើម្បីឲ្យមានប្រសិទ្ធភាព ក្នុងផ្ទេរកម្មសិទ្ធិដីធ្លីឲ្យបានស្របទៅតាមច្បាប់ ភាគីទាំងសងខាង ឬអ្នកទទួលបានសិទ្ធិ ត្រូវមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ (ដែលជាទូទៅគេហៅថា ការិយាល័យភូមិបាល) ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីបំពេញឯកសារនានា នៅមុខមន្ត្រីភូមិបាល ដោយមានសាក្សីមកជាមួយផង។

ភាគីទាំងសងខាង ត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួនដូចជា៖
– កិច្ចសន្យាទិញ-លក់ (លិខិតលក់ផ្តាច់ សម្រាប់ការផ្ទេរកម្មសិទ្ធិក្នុងករណីទិញ-លក់)
– លិខិតធ្វើអំណោយផ្តាច់ (ក្នុងករណីដីនោះ ត្រូវបានធ្វើអំណោយដល់នរណាម្នាក់)
– អត្តសញ្ញាណប័ណ្ណ (មានបញ្ជាក់ពីសាលាក្រុង ស្រុក/ ខណ្ឌ)
– សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើជាទ្រព្យប្តីប្រពន្ធ)
– ឯកសារបញ្ជាក់អត្តសញ្ញាណ (នៅលីវ រៀបការ និង លែងលះ….)
– និងឯកសារផ្សេងៗទៀត ទៅតាមតម្រូវការជាក់ស្តែងនៃអចលនទ្រព្យនោះ។

លោក មានប្រសាសន៍ផ្តាំផ្ងើ ដល់បងប្អូនប្រជាពរដ្ន ត្រូវមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ដើម្បីបំពេញឯកសារនានា នៅមុខមន្ត្រីភូមិបាល កុំ ពឹងពាក់អ្នកដទៃដែលធ្វើអោយប្រជាពដ្នចំណាយលុយច្រើន ក្នុងការរត់ការផ្ទេរកម្មសិទ្ធិដីធ្លី៕