ការឧបត្ថម្ភជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងមានជីវភាពខ្វះខាត ដែលធ្វើចត្តាឡីស័កតាមផ្ទះ ត្រូវបញ្ចប់

អត្ថបទដោយ៖ ធឹម សារ៉ន

មន្ទីរសង្គមកិច្ចខេត្តកំពង់ចាមបានឲ្យដឹងថា ការឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងមានជីវភាពខ្វះខាត ប៉ះពាល់នឹង «ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា» ចំនួន៣៤គ្រួសារ ដែលធ្វើចត្តាឡីស័កតាមផ្ទះរយះពេល១៥ថ្ងៃ ត្រូវបញ្ចប់ ។ នេះបើតាមការឲ្យដឹងពីលោក ហួត សុធា អនុប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ចាម។លើកឡើងបែបនេះ នៅក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃ អង្គារ ទី១២ ខែមករា ឆ្នាំ២០២១ លើប្រធានបទ (ឧបត្ថមជូនប្រជាពរដ្នមានជីវភាពក្រីក្រ និងមានជីវភាពខ្វះខាត់ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ )។


លោកបានបន្តទៀតថា ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចាត់ឲ្យមន្ត្រីជំនាញមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត មន្ទីរផែនការខេត្ត សហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ចុះស្រង់ទិន្នន័យ អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលក្នុង «ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា» ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ និងមណ្ឌលចត្តាឡីស័ក កំរិត២ របស់រដ្ឋបាលខេត្ត មានចំនួន ៥៦៩នាក់ ស្រី៣២២នាក់ ក្នុងនោះ ប្រជាពលរដ្ឋមានលក្ខណៈសម្បត្តិសមស្រប ក្នុងការទទួលបានការជួយឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល មានចំនួន ៣៤គ្រួសារ ក្នុងនោះ៖ ស្រុកចំការលើចំនួន ៣១គ្រួសារ និងក្រុងកំពង់ចាម ចំនួន០៣គ្រួសារ។

លោកបានបន្ថែមទៀតថា អាជ្ញាធរខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋាន នាំយកថវិការបស់សម្តេចតេជោ ប្រគល់ជូនតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋមានជីវភាព ខ្វះខាត ដែល ធ្វើចត្តាឡីស័កនៅតាមផ្ទះ កន្លងទៅចំនួន ៣៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន៣០០.០០០រៀល៕